ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានថ្លែងអះអាងថា បើទោះបីជានរណាមួយនោះ បានបង្ហាញភាពតានតឹងបិទច្រក តែទីផ្សាររបស់កម្ពុជា គឺមិនតូចចង្អៀតនោះទេ មិនផ្អែកតែទៅលើតែមួយជ្រុងនោះទេ។
សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រី នៅថ្ងៃទី១៦ ខែធ្នូនេះ បានបញ្ជាក់ថា ពាក់ព័ន្ធបញ្ហានាំចេញ នាំចូលពាណិជ្ជកម្ម បើទោះបីជាជ្រុងណាមួយនោះ បង្ហាញភាពតានតឹងបិទច្រក តែទីផ្សាររបស់កម្ពុជា គឺមិនតូចចង្អៀត ដោយសារផ្អែកតែទៅលើតែមួយជ្រុងនោះទេ គឺពិភពលោក បានផ្ដល់ភាពអនុគ្រោះឱ្យកម្ពុជាផងដែរ។
សម្ដេចតេជោ ហ៊ុន សែន បានបង្ហាញអំពីកំណើនសេដ្ឋកិច្ចកម្ពុជា ដែលបានងើបឡើងវិញ រួមទាំង កំណើនលើវិស័យកាត់ដេរ និងកម្មន្តសាលរហូតដល់១៣,៥ភាគរយ បើប្រៀបធៀបនឹងដក ២០ភាគរយ កាលពីឆ្នាំទៅ មូលហេតុ គឺការបញ្ជាទិញ ត្រូវបានផ្ទេរពីមីយ៉ាន់ម៉ា និងវៀតណាម មកកាន់កម្ពុជា ដែលនាំឲ្យរោងចក្រសហគ្រាសនៅកម្ពុជា បានដំណើរការពេញលេញ ហើយការនាំចេញនាំចូលវត្ថុធាតុដើមមក ផលិត ក៏មានការកើនឡើង ចំណុចទាំងអស់នេះ ជាចំណុចដែលកម្ពុជា ត្រូវធ្វើជាមួយដៃគូផ្សេងៗទៀត៕អត្ថបទ៖ មុត សុទ្ធ