គេហទំព័រ Axios បានរាយការណ៍ដោយដកស្រង់ប្រភពថា អ៊ីស្រាអែលកំពុងរៀបចំការវាយប្រហារយ៉ាងឆាប់រហ័សទៅលើរោងចក្រនុយក្លេអ៊ែរអ៊ីរ៉ង់ ប្រសិនបើកិច្ចពិភាក្សារវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់ ដួលរលំ។
យោងតាមប្រភពដដែលបានឲ្យដឹងថា យោធាអ៊ីស្រាអែល គិតថា ពួកគេនឹងមិនមានពេលច្រើន ដើម្បីវាយប្រហារអ៊ីរ៉ង់ ប្រសិនបើការចរចាស្តីពីកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ បរាជ័យ ដូច្នេះពួកគេកំពុងត្រៀមខ្លួន ដើម្បីវាយប្រហារយ៉ាងឆាប់រហ័ស។

ទោះបីជាយ៉ាងណាក៏ដោយ ប្រភពរបស់គេហទំព័រ Axios «បានបដិសេធមិននិយាយអំពីមូលហេតុដែលយោធាជឿថា ការវាយប្រហារនៅពេលក្រោយ នឹងមិនសូវមានប្រសិទ្ធភាព»។
ប្រភពបាននិយាយថា ការពិភាក្សាអំពីការវាយប្រហារដ៏មានសក្ដានុពលមួយ បានចាប់ផ្តើមប៉ុន្មានថ្ងៃមុន នៅពេលដែលស៊ើបការណ៍សម្ងាត់របស់អ៊ីស្រាអែល សង្ស័យពីលទ្ធផលជោគជ័យនៃការពិគ្រោះយោបល់រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ដោយបន្ថែមថា នេះនឹងមិនមែនជាការវាយប្រហារតែមួយដងទេ ប៉ុន្តែជាយុទ្ធនាការយោធារយៈពេលមួយសប្តាហ៍។
គេហទំព័រនេះ បានដកស្រង់ប្រភពអ៊ីស្រាអែលដែលបាននិយាយថា នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) កំពុងរង់ចាំការចរចានុយក្លេអ៊ែរ ដួលរលំ ហើយសម្រាប់ពេលនេះ លោក ត្រាំ នឹងខកចិត្តចំពោះការចរចា និងបើកចំហឲ្យលោកដំណើរការទៅមុខ។ ទន្ទឹមនឹងនេះ មន្ត្រីអាមេរិកម្នាក់ បានប្រាប់គេហទំព័រនេះថា រដ្ឋបាលរបស់លោក ត្រាំ ភ័យខ្លាចថា លោក ណេតាន់យ៉ាហ៊ូ អាចធ្វើការសម្រេចចិត្តនេះ ដោយពុំមានការយល់ព្រមលើបញ្ហានេះ ជាមួយទីក្រុងវ៉ាស៊ីនតោន។
