គោលគំនិតនៃប្រព័ន្ធការពារមីស៊ីល Golden Dome របស់លោកប្រធានាធិបតីអាមេរិក Donald Trump បានបង្កភាពចម្រូងចម្រាសឡើងវិញនូវគំនិតផ្តួចផ្តើមមានអាយុកាលរាប់ទសវត្សរ៍ ដែលថា ការសាងសង់ប្រកបដោយមហិច្ឆិតាបែបនេះ អាចចាប់ផ្តើមយុគសម័យថ្មីនៃអាវុធក្នុងលំហ និងសំណួរពីការគោរពតាមបទដ្ឋានក្នុងលំហអាកាស ព្រមទាំងជាជំហានកំណត់ទំនាក់ទំនងឡើងវិញរវាងមហាអំណាចអវកាសធំៗរបស់ពិភពលោក។
អ្នកវិភាគអវកាសបាននិយាយថា ការប្រកាសផែនការ Golden Dome ដែលជាបណ្តាញផ្កាយរណប និងសព្វាវុធដ៏ធំនៅក្នុងគន្លងរបស់ផែនដី ដែលគ្រោងនឹងចំណាយអស់ ១៧៥ពាន់លានដុល្លារនេះ អាចបង្កើនការធ្វើយោធាលើលំហអាកាសយ៉ាងគ្រោះថ្នាក់ ដែលជានិន្នាការកាន់តែខ្លាំងក្លាឡើងក្នុងពេលមួយទសវត្សរ៍ចុងក្រោយនេះ។
ខណៈមហាអំណាចអវកាសដ៏ធំបំផុតរបស់ពិភពលោក ដូចជាសហរដ្ឋអាមេរិក រុស្ស៊ី និងចិន បានដាក់ទ្រព្យសម្បត្តិយោធា និងចារកម្មនៅក្នុងគន្លងតាំងពីទសវត្សរ៍ឆ្នាំ១៩៦០មក ភាគច្រើនពួកគេបានធ្វើសកម្មភាពដូច្នេះជាសម្ងាត់ប៉ុណ្ណោះ។ ប៉ុន្តែនៅពេលលោក Trump បានប្រកាសផែនការ Golden Dome របស់លោកកាលពីខែមករា នេះគឺជាការផ្លាស់ប្តូរយ៉ាងច្បាស់លាស់នៅក្នុងយុទ្ធសាស្រ្ត ដែលសង្កត់ធ្ងន់ទៅលើសកម្មភាពយ៉ាងក្លាហានទៅកាន់ទីអវកាស ជាមួយនឹងបច្ចេកវិទ្យាថ្លៃៗ និងមិនមានការសាកល្បង ដែលអាចជាអត្ថប្រយោជន៍ផ្នែកហិរញ្ញវត្ថុដល់អ្នកម៉ៅការការពារជាតិរបស់អាមេរិក។
គោលគំនិតនេះរួមមាន មីស៊ីលមានមូលដ្ឋានលើលំហ ដែលនឹងបាញ់ចេញពីផ្កាយរណបក្នុងគន្លង ដើម្បីស្ទាក់ចាប់មីស៊ីលធម្មតា និងនុយក្លេអ៊ែរដែលបាញ់ចេញពីផែនដី។ ក្រុមអ្នកជំនាញនិយាយថា Golden Dome អាចរុញឱ្យរដ្ឋផ្សេងទៀតដាក់ប្រព័ន្ធស្រដៀងគ្នានេះនៅក្នុងលំហ ឬអភិវឌ្ឍអាវុធទំនើបបន្ថែមទៀត ដើម្បីគេចពីខែលមីស៊ីល ដែលបង្កើនការប្រកួតប្រជែងអាវុធនៅក្នុងលំហ៕