អាជ្ញាធរប៉ាឡេស្ទីន បាននិយាយថា ម្សៅ និងជំនួយផ្សេងៗទៀត បានចាប់ផ្តើមទៅដល់តំបន់ងាយរងគ្រោះបំផុតមួយចំនួននៅតំបន់ហ្កាហ្សាកាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីអ៊ីស្រាអែល បានអនុញ្ញាតឱ្យរថយន្តដឹកជំនួយឆ្លងកាត់ ប៉ុន្តែគ្មានកន្លែងណាដែលគ្រប់គ្រាន់សម្រាប់កង្វះដែលបណ្តាលមកពីការបិទផ្លូវរយៈពេល ១១សប្តាហ៍មកនេះទេ។

អឌ្ឍចន្ទក្រហមប៉ាឡេស្ទីន បានព្រមានថា រថយន្តដឹកជំនួយជាច្រើនគ្រឿងផ្សេងទៀត នៅតែជាប់គាំងនៅព្រំដែន ហើយមនុស្សយ៉ាងច្រើននៅតែរង់ចាំទទួលស្បៀងអាហារក្នុងពេលមានការព្រួយបារម្ភថាហ្វូងមនុស្សអស់សង្ឃឹមនឹងព្យាយាមលួចស្បៀងពីក្នុងរថយន្តនៅពេលទៅដល់។ អ៊ីស្រាអែល និយាយថា ខ្លួនបានអនុញ្ញាតឱ្យរថយន្តដឹកជំនួយចំនួន១០០គ្រឿង ដឹកអាហារសម្រាប់ទារក និងបរិក្ខារពេទ្យចូលទៅក្នុងតំបន់ហ៊ុមព័ទ្ធហ្កាហ្សាកាលពីថ្ងៃពុធ ពីរថ្ងៃបន្ទាប់ពីបានប្រកាសបន្ធូរបន្ថយការរឹតត្បិតលើកដំបូងក្រោមសម្ពាធអន្តរជាតិដែលកំពុងកើនឡើង។

អ្នកដុតនំ លោក Ahmed Al-Banna បាននិយាយថា «ម្សៅ បានទៅដល់ ពីកម្មវិធីស្បៀងអាហារពិភពលោកអង្គការសហប្រជាជាតិ(UN) ហើយយើងបានចាប់ផ្តើមការងារភ្លាមៗ»។ លោកបាននិយាយបន្ថែមថា ហាងនំនៅទូទាំងភាគខាងត្បូងតំបន់ហ្កាហ្សា បានចាប់ផ្តើមឡដុតនំដែលបានបិទរយៈពេលពីរខែមកហើយ។

អង្គការសហប្រជាជាតិ បាននិយាយថា មួយភាគបួននៃប្រជាជន២,៣លាននាក់នៅតំបន់ហ្កាហ្សា ប្រឈមនឹងគ្រោះទុរ្ភិក្ស។