លោកវេជ្ជបណ្ឌិត Saia Ma’u Piukala នាយកអង្គការសុខភាពពិភពលោកប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច ទទួលស្វាគមន៍ និងជួបសំណេះសំណាល ជាមួយឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងប្រតិភូ នារសៀលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ ក្រុងហ្សឺណែវ។
ក្នុងជំនួបសំណេះសំណាល ពិភាក្សាការងារ លោកនាយកអង្គការសុខភាពពិភពលោកប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច (the Western Pacific Region, WPRO) បានបញ្ជាក់ពីការកោតសរសើរដល់សុខាភិបាលកម្ពុជា ចំពោះវឌ្ឍនភាពធំៗ ទាំងការដាក់ចេញផែនទីចង្អុលបង្ហាញការគ្របដណ្តប់សុខភាពសាកល (Universal Health Coverage Roadmap) ការផ្តល់ជាអាទិភាពចម្បងលើសុខភាពបឋម (Primary Health Care) ជាមួយសកម្មភាពជាលទ្ធផលជាក់ស្តែងជាច្រើនក្នុងសហគមន៍ មណ្ឌលសុខភាព មន្ទីរពេទ្យបង្អែក សកម្មភាពអប់រំសុខភាព ការរៀបចំផែនការយុទ្ធសាស្រ្តសុខាភិបាលដំណាក់កាលទី៤ ឆ្នាំ២០២៥-២០៣៣ ការដាក់អោយដំណើរការផែនការសកម្មភាពប្រយុទ្ធ បង្ការជំងឺមិនឆ្លង និងជំងឺមហារីក ជាដើម។
លោកវេជ្ជបណ្ឌិត Saia Ma’u Piukala នាយកអង្គការសុខភាពពិភពលោកប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច ឆ្លៀតក្នុងឱកាសសំណេះសំណាលនេះ បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជាដែលបានផ្តល់វិភាគទានរួមចំណែកសម្រាប់យុទ្ធនាការកៀរគរមូលនិធិទ្រទ្រង់សកម្មភាពមនុស្សធម៌របស់អង្គការសុខភាពពិភពលោក (Investment Round) ដែលនេះគឺជាកាយវិការដ៏ល្អប្រពៃនៃកម្ពុជា។ លោកនាយកប្រចាំតំបន់ ក៏បានជម្រាបអំពីស្ថានភាពរបស់អង្គការសុខភាពពិភពលោក ដូចជាការកាត់បន្ថយថវិកាចំណាយ ដោយត្រូវធ្វើអាទិភាពកម្មវិធី ការកែសម្រួលរចនាសម្ព័ន្ធ តែទោះជាយ៉ាងណាក៏ដោយ អង្គការសុខភាពពិភពលោក ប្តេជ្ញាចិត្តបន្តគាំទ្រសកម្មភាពសុខាភិបាលកម្ពុជា។
ជាការឆ្លើយតប ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអង្គការសុខភាពពិភពលោក ដែលនៅតែបន្តចូលរួមជាមួយកម្ពុជា ឧបត្ថម្ភគាំទ្រទាំងបច្ចេកទេស និងថវិកា ជូនដល់វិស័យសុខាភិបាល ជាពិសេសកម្មវិធីសំខាន់ៗ ដូចជា ការថែទាំសុភាពបឋម ការលុបបំបាត់ជំងឺគ្រុនចាញ់ ជំងឺអេដស៍ ជំងឺរបេង ការប្រយុទ្ធនឹងជំងឺមិនឆ្លង ជាដើម។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានស្វាគមន៍ដំណើរទស្សនកិច្ចនៅកម្ពុជា ម្តងទៀត របស់លោកនាយកប្រចាំតំបន់ក្នុងឆ្នាំនេះ៕ អត្ថបទ រដ្ឋា