អ្នកនាំពាក្យយោធារបស់ចលនា Ansar Allah បានប្រកាសថា ក្រុមហ៊ួទីនៅប្រទេសយេម៉ែន កំពុងស្វះស្វែងរក «បង្កើនសមត្ថភាពរបស់ពួកគេទ្វេដង» ដើម្បីវាយប្រហារប្រឆាំងនឹងអ៊ីស្រាអែល។
អ្នកនាំពាក្យរូបនេះ បានប្រាប់ទូរទស្សន៍ Al Masirah TV ថា៖«ស្របពេលមានការកើនឡើងភាពតានតឹង នៅក្នុងតំបន់ហ្កាហ្សា និងឧក្រិដ្ឋកម្មដែលកំពុងបន្តរបស់សត្រូវប្រឆាំងនឹងប្រជាជនប៉ាឡេស្ទីន កងកម្លាំងប្រដាប់អាវុធយេម៉ែន កំពុងធ្វើការ ដើម្បីបង្កើនសមត្ថភាព និងលទ្ធភាពរបស់ពួកគេទ្វេដង ដើម្បីពង្រីកប្រតិបត្តិការគាំទ្រ និងបង្កើនការប្រយុទ្ធគ្នា»។

យោងតាមលោក Sareeបានឲ្យដឹងថា អ្វីដែលហៅថាប្រតិបត្តិការគាំទ្រដែលក្រុមហ៊ួទី កំពុងធ្វើ ក្នុងសាមគ្គី ភាពជាមួយប៉ាឡេស្ទីន ពាក់ព័ន្ធនឹង «ការបិទអាកាសយានដ្ឋាន Ben-Gurion ការហាមប្រាមលើនាវាទាំងអស់ចូលកំពង់ផែ Haifa និងការហាមឃាត់លើនាវាអ៊ីស្រាអែល ដែលឆ្លងកាត់សមុទ្រក្រហម និងសមុទ្រ អារ៉ាប់»។
បន្ទាប់ពីការកើនឡើងនៃជម្លោះនៅតំបន់ហ្កាហ្សា ក្រុមហ៊ួទីបានព្រមានអ៊ីស្រាអែលថា ពួកគេនឹងបាញ់ផ្លោងទឹកដីរបស់ខ្លួន ខណៈរារាំងនាវាដែលមានទំនាក់ទំនងជាមួយរដ្ឋជ្វីហ្វ មិនឲ្យឆ្លងកាត់សមុទ្រក្រហម និងច្រកសមុទ្រ Bab el-Mandeb រហូតដល់ទីក្រុងតែលអាវីវ (Tel Aviv) បញ្ឈប់ប្រតិបត្តិការយោធារបស់ខ្លួនប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស នៅក្នុងការប្រយុទ្ធគ្នានោះ។
