បន្ទាប់ពីការពិភាក្សាតាមទូរសព្ទអស់ ២ម៉ោង ជាមួយលោកប្រធានាធីបតីរុស្ស៊ី Vladimir Putin កាលពីថ្ងៃចន្ទសប្ដាហ៍នេះ ប្រធានាធិបតីអាមេរិក លោក Donald Trump បានធ្វើការសារភាពដ៏មិនធម្មតាមួយថា មានតែរុស្ស៊ី និងអ៊ុយក្រែនប៉ុណ្ណោះ ដែលគួរចូលរួមក្នុងកិច្ចពិភាក្សាបញ្ចប់សង្រ្គាមរវាងភាគីទាំងពីរ ដោយលោកបានសរសេរលើបណ្តាញសង្គមថា "ដោយសារមានតែរុស្ស៊ី និងអ៊ុយក្រែនទេ ដែលដឹងពីសេចក្ដីលម្អិតនៃការចរចាដែលពុំមាននរណាម្នាក់អាចនឹងដឹង"។
ការទទួលស្គាល់ពីកម្រិតពិបាកក្នុងការដោះស្រាយសង្គ្រាមនៅអ៊ុយក្រែននេះ ហាក់ដូចជាខុសពីចរិតលក្ខណៈរបស់លោក Trump ដោយសារប្រធានាធិបតីអាមេរិករូបនេះ តែងតែអះអាងថា លោកដឹងរឿងច្រើនជាងអ្នកដ៏ទៃពីបញ្ហាជាច្រើន ហើយនោះប្រហែលជាបានកំណត់ដំណើរការសន្តិភាពទៅលើផ្លូវថ្មីដែលកាន់តែមិនប្រាកដប្រជា។

តាមទស្សនៈរបស់លោក Putin ចន្លោះប្រហោងនៅក្នុងរឿងដែលលោក Trump បានដឹងអំពីសង្គ្រាមដ៏បង្ហូរឈាមនេះ តែងតែផ្តល់អត្ថប្រយោជន៍ដល់ទីក្រុងមូស្គូ។ យុទ្ធសាស្ត្រចរចាដ៏ពេញនិយមមួយរបស់មេដឹកនាំរុស្ស៊ីរូបនេះគឺការគ្របអ្នកប្រាស្រ័យទាក់ទងរបស់លោកជាមួយនឹងទ្រឹស្ដីប្រវត្តិសាស្ត្រ និងការពិតដែលបានជ្រើសរើសរួចដើម្បីគាំទ្រទស្សនៈជាក់លាក់មួយ។
មន្ត្រីអ៊ុយក្រែន និងសម្ព័ន្ធមិត្តអឺរ៉ុប តែងព្យាយាមត្រៀមលោក Trump សម្រាប់ការសន្ទនាបែបនេះជាមួយលោក Putin ដោយបានផ្តល់ទស្សនៈផ្ទាល់ខ្លួនរបស់ពួកគេលើភាពស្មុគស្មាញខ្លាំងនៃសង្រ្គាម និងប្រវត្តិសាស្រ្តរបស់ជម្លោះ ប៉ុន្តែជារឿយៗមិនជោគជ័យទេ ដោយសារការមិនសូវយល់ពីសង្រ្គាមអ៊ុយក្រែន នៅក្នុងរដ្ឋបាលលោក Trump។
ដើម្បីព្យាយាមពង្រីកការឈ្វេងយល់របស់លោក Trump អំពីអ៊ុយក្រែន ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy ម្តងហើយម្តងទៀត បានលើកទឹកចិត្តលោក និងក្រុមមន្រ្តីជាន់ខ្ពស់របស់លោក ឱ្យទៅទស្សនកិច្ចប្រទេសនេះ និងធ្វើជាសាក្សីនៃសង្គ្រាមដោយផ្ទាល់ ប៉ុន្តែពុំមាននរណាម្នាក់យល់ព្រមចូលរួមជាមួយលោក Zelenskiy ក្នុងការធ្វើដំណើរដ៏ញឹកញាប់របស់លោកក្នុងតំបន់សង្រ្គាមឡើយ៕


