ប្រធានាធិបតីអាមេរិក លោក Donald Trump បានបង្ហាញរូបថតពីអេក្រង់នៃវីដេអូរបស់សារព័ត៌មាន Reuters ដែលថតនៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ជាផ្នែកនៃអ្វីដែលលោកបានបង្ហាញដោយមិនត្រឹមត្រូវ កាលពីថ្ងៃទី២១ ខែឧសភា ថា ជាភស្តុតាងនៃការសម្លាប់រង្គាលលើជនជាតិអាហ្វ្រិកខាងត្បូងស្បែកស។
ដោយមានកាន់ការបោះពុម្ពអត្ថបទអមដោយរូបភាព អំឡុងជំនួបនៅការិយាល័យ Oval Office ដែលមានជម្លោះជាមួយប្រធានាធិបតីអាហ្វ្រិកខាងត្បូង លោក Cyril Ramaphosa លោក Trump បាននិយាយថា៖ «ទាំងនេះ គឺកសិករស្បែកសទាំងអស់ដែលកំពុងត្រូវបានកប់»។

ការពិត វីដេអូដែលត្រូវបានផ្សព្វផ្សាយដោយសារព័ត៌មាន Reuters កាលពីថ្ងៃទី៣ ខែកុម្ភៈ និងត្រូវបានផ្ទៀងផ្ទាត់ជាបន្តបន្ទាប់ ដោយក្រុមត្រួតពិនិត្យការពិតរបស់ទីភ្នាក់ងារសារព័ត៌មាននេះ បានបង្ហាញពីបុគ្គលិកមនុស្សធម៌ កំពុងលើកថង់រុំសព នៅក្នុងទីក្រុង Goma នៃប្រទេសកុងហ្គោ។
រូបភាពនោះត្រូវបានដកចេញពីវីដេអូរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters ក្រោយមានការប្រយុទ្ធគ្នាយ៉ាងអាក្រក់បំផុតជាមួយក្រុមឧទ្ទាម M23 ដែលគាំទ្រដោយប្រទេសរ្វ៉ាន់ដា។
អំឡុងកិច្ចប្រជុំ នៅសេតវិមាន លោក Trump បានបង្ហាញលោក Ramaphosa ជាមួយនឹងការបង្ហោះរបស់ប្លុក American Thinker ជាទស្សនាវដ្តីអនឡាញបែបអភិរក្ស ដែលផ្តោតលើជម្លោះ និងបញ្ហាពូជសាសន៍នៅអាហ្វ្រិកខាងត្បូង និងកុងហ្គោ។ សេតវិមានមិនបានឆ្លើយតបអ្វីឡើយទៅនឹងសំណើសុំការអត្ថាធិប្បាយ៕
