ប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) និងអធិការបតីអាល្លឺម៉ង់ លោក Friedrich Merz អំឡុងពេលសន្ទនាគ្នាតាមទូរសព្ទ នាថ្ងៃសុក្រ (ទី២៣ ខែឧសភា) បានលើកឡើងពីសារៈសំខាន់នៃទំនាក់ទំនងរបស់ប្រទេសទាំង២ ខណៈដែលទាំងចិន និងអឺរ៉ុប កំពុងព្យាយាមដោះស្រាយភាពមិនច្បាស់លាស់ដែលបណ្តាលមកពីគោលនយោបាយពន្ធរបស់សហរដ្ឋអាមេរិក។
អឺរ៉ុប និងចិន គឺស្ថិតនៅក្នុងចំណោមដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់សហរដ្ឋអាមេរិក និងមានទំនាក់ទំនងពាណិជ្ជកម្មយ៉ាងស៊ីជម្រៅជាមួយគ្នាទៅវិញទៅមក។ យោងតាមតួលេខផ្លូវការ បានឲ្យដឹងថា ទំហំពាណិជ្ជកម្មចិន-អាល្លឺម៉ង់តែមួយ មានប្រហែល ២៤៦ពាន់លានអឺរ៉ូ (២៧៩ពាន់លានដុល្លារ) កាលពីឆ្នាំមុន។
អាល្លឺម៉ង់បានស្វែងរកសមតុល្យដ៏លំបាកមួយ នៅប៉ុន្មានឆ្នាំចុងក្រោយនេះ ក្នុងទំនាក់ទំនងជាមួយប្រទេសចិន ដែលទីក្រុងប៊ែរឡាំងមើលឃើញថា ទាំងជាគូប្រជែងយុទ្ធសាស្ត្រ និងជាដៃគូពាណិជ្ជកម្មដ៏សំខាន់ ដែលទីផ្សារដ៏ធំរបស់ខ្លួន បានជំរុញសេដ្ឋកិច្ចពឹងផ្អែកលើការនាំចេញដ៏ធំរបស់អាល្លឺម៉ង់។
ទូរទស្សន៍ផ្លូវការ CCTV បានរាយការណ៍ថា ក្នុងជំនួបតាមទូរសព្ទនោះ លោក ស៊ី បានកត់សម្គាល់ពីការផ្លាស់ប្តូរនៅក្នុងពិភពលោកដែលមិនធ្លាប់បានឃើញ ក្នុងរយៈពេល ១សតវត្សរ៍ ដោយមានទាំង «ភាពចលាចល និងការផ្លាស់ប្តូរដ៏ធំ»។
លោក ស៊ី ត្រូវបានដកស្រង់សម្តីដែលបានលើកឡើងថា៖ «ប្រទេសចិនមានឆន្ទៈ ក្នុងការធ្វើការជាមួយប្រទេសអាល្លឺម៉ង់ ដើម្បីបើកទំព័រថ្មី នៅក្នុងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរបស់ប្រទេសទាំង២ ដើម្បីធ្វើឲ្យទំនាក់ទំនងចិន-សហភាពអឺរ៉ុបឆ្ពោះទៅរកវឌ្ឍនភាពថ្មី និងដើម្បីរួមចំណែកដល់កំណើនដ៏មានស្ថិរភាពនៃសេដ្ឋកិច្ចសកល»។
ចំណែកអ្នកនាំពាក្យរបស់លោក Merz បានឲ្យដឹងថា មេដឹកនាំទាំង២ បានសង្កត់ធ្ងន់លើឆន្ទៈរបស់ពួកលោក ក្នុងការសហការ ដើម្បីជម្នះលើបញ្ហាប្រឈមជាសកល៕