ភ្នំពេញ៖លោក ឆាយ ហុង ព្រះរាជអាជ្ញារង និងជាអ្នកនាំអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ប្រាប់ នាព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥នេះថា ករណី ជនសង្ស័យទាំង៣នាក់ បានរំលោភសម្លាប់លើយុវតីម្នាក់អាយុ១៥ឆ្នាំ នៅខណ្ឌព្រែកព្នៅ ត្រូវបានតំណាងអយ្យការបើកការស៊ើបសួរលើជនសង្ស័យទាំង៣នាក់ ពីបទឃាតកម្មដោយអំពើរំលោភសេពសន្ថវៈ តាមមាត្រា២០៥ នៃក្រមព្រហ្មទណ្ឌ។
គួរបញ្ជាក់ផងដែរករណីឃាតកម្មនេះ បានប្រព្រឹត្តកាលពីវេលាម៉ោង០១និង២៧នាទីយប់អធ្រាត្រ ឈានចូលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥នៅចំណុចក្នុងបន្ទប់ទឹកសាលាបឋមសិក្សាវត្តគ្រួស ស្ថិតនៅក្នុងវត្ដជេសដ្ឋាឧត្តម ហៅវត្តគ្រួស ផ្លូវជាតិលេខ៥ ភូមិគ្រួស សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ក្រោយទទួលបានព័ត៌មាននេះភ្លាមៗកម្លាំងនគរបាលផែនព្រហ្មទណ្ឌនៃស្នងការនគរបាលរាជធានីភ្នំពេញ សហការជាមួយនគរបាលមូលដ្ឋានខណ្ឌព្រែកព្នៅ ចុះស្រាវជ្រាវ រហូតឈានដល់កំណត់មុខសញ្ញា ពាក់ព័ន្ធចំនួន០៣នាក់ និងឃាត់ខ្លួនក្នុងថ្ងៃកើតហេតុម្ដង។
ជនសង្ស័យ ទាំង ០៣នាក់ទី១ឈ្មោះ ទៀន ផារ៉ែត ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅផ្ទះគ្មានលេខ ភូមិដួង សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ(រួមគំនិតសម្លាប់)។ ទី២ឈ្មោះ បូ ឧត្តម ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅផ្ទះគ្មានលេខ ភូមិដួង សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ រួមគំនិតសម្លាប់។ និងទី៣ ឈ្មោះ សុខ ច័ន្ទសុវណ្ណសេង ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅផ្ទះគ្មានលេខ ភូមិដួង សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញធ្លាប់ស្គាល់ជនរងគ្រោះតាំងពីក្មេងៗ (ដៃដល់ អ្នករំលោភ និងសម្លាប់)។ ចំណែក ជនរងគ្រោះ ឈ្មោះ វ .ល ភេទស្រី អាយុ១៥ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរនៅផ្ទះ ទីលំនៅខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ (ស្លាប់នៅកន្លែងកើតហេតុ)។
ក្រោយឃាត់ខ្លួន ក្រុមជនសង្ស័យបានសារភាពថា មុនធ្វើសកម្មភាព ពួកគេបានយកថ្នាំងងុយដេកដាក់ក្នុងភេសជ្ជៈឲ្យជនរងគ្រោះផឹក ហើយរំលោភសម្លាប់ ប្លន់ យកទ្រព្យសម្បត្តិ ជនរងគ្រោះ៕អត្ថបទ៖ កុម្ភៈ

