ម៉ាឡេស៊ីបានជំរុញឱ្យមានការពន្យារពេល និងពង្រីកបទឈប់បាញ់ ក្រោយការរញ្ជួយដីនៅក្នុងសហភាពមីយ៉ាន់ម៉ា ដែលនឹងត្រូវផុតកំណត់នៅដំណាច់ខែឧសភា ខណៈការប្រយុទ្ធគ្នាដែលកំពុងបន្តចោទសួរអំពីប្រសិទ្ធភាពរបស់បទឈប់បាញ់នោះ។
រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី លោក Mohamad Hasan បានចេញសេចក្តីអំពាវនាវនេះ នៅក្នុងកិច្ចប្រជុំជាមួយរដ្ឋមន្ត្រីការបរទេសអាស៊ាន នៅទីក្រុង Kuala Lumpur កាលពីថ្ងៃអាទិត្យ មួយថ្ងៃមុនកិច្ចប្រជុំកំពូលរបស់មេដឹកនាំ។
រហូតមកដល់ពេលនេះ ប្លុកក្នុងតំបន់ បានដឹកនាំកិច្ចខិតខំប្រឹងប្រែងការទូតដែលគ្មានផ្លែផ្កាក្នុងការបញ្ចប់ជម្លោះរបស់មីយ៉ាន់ម៉ា ចាប់តាំងពីយោធាបានធ្វើរដ្ឋប្រហារ និងទម្លាក់មេដឹកនាំស៊ីវិលលោកស្រី Aung San Suu Kyi កាលពីខែកុម្ភៈ ឆ្នាំ ២០២១។
ការខកខានរបស់មីយ៉ាន់ម៉ាក្នុងការអនុវត្តកិច្ចព្រមព្រៀងសន្តិភាព៥ចំណុច ដែលបានឈានដល់ក្នុងខែមេសា ឆ្នាំ២០២១ បាននាំឱ្យអាស៊ានដកមេដឹកនាំរដ្ឋប្រហារ មិនឱ្យចូលរួមកិច្ចប្រជុំប្រចាំឆ្នាំរបស់ខ្លួន។
លោក Mohamad បាននិយាយនៅក្នុងសុន្ទរកថាបើករបស់លោកថា ប្លុកនេះអំពាវនាវឱ្យភាគីពាក់ព័ន្ធក្នុងសហភាពមីយ៉ាន់ម៉ា បញ្ឈប់អរិភាព និងពង្រីក និងបន្តបទឈប់បាញ់ ដើម្បីជួយសម្រួលដល់ផ្លូវដ៏វែងឆ្ងាយ និងលំបាកឆ្ពោះទៅរកការស្តារឡើងវិញ និងបន្ធូរបន្ថយការឈឺចាប់របស់ប្រជាជនមីយ៉ាន់ម៉ា។
លោកបានស្នើឲ្យបទឈប់បាញ់ ត្រូវបានបន្តនិងពង្រីកលើសពីតំបន់ដែលរងគ្រោះនាពេលបច្ចុប្បន្ននេះ៕