ចលនាតស៊ូប៉ាឡេស្ទីនហាម៉ាស បានអះអាងកាលពីថ្ងៃអាទិត្យ (២៥ ឧសភា) ថា យុទ្ធជនរបស់ខ្លួនបានសម្លាប់ទាហានអ៊ីស្រាអែល ជាច្រើននាក់ ក្នុងការវាយឆ្មក់មួយនៅតំបន់ហ្កាហ្សា ភាគខាងត្បូង។ កងកម្លាំងប្រដាប់អាវុធរបស់ក្រុមនេះ គឺកងពលតូច Qassam និយាយថា អ្នកប្រយុទ្ធរបស់ខ្លួនបានបំផ្ទុះលំនៅឋានមួយកាលពីថ្ងៃអង្គារសប្ដាហ៍មុន ជាទីដែលទាហានអ៊ីស្រាអែល ចូលកាន់កាប់នៅភាគខាងកើតនៃទីប្រជុំជន al-Qarara ក្នុងក្រុង Khan Younis។
ក្រុមហាម៉ាស និយាយថា ទាហានអ៊ីស្រាអែលជាច្រើននាក់បានស្លាប់ និងរបួសក្នុងការបំផ្ទុះ ហើយយុទ្ធជនរបស់ខ្លួនក៏បានបំផ្ទុះច្រករូងក្រោមដីផងដែរ នៅពេលទាហានអ៊ីស្រាអែល បានទៅដល់តំបន់នោះ ខណៈឧទ្ធម្ភាគចក្រអ៊ីស្រាអែល ត្រូវបានមើលឃើញថាកំពុងជម្លៀសអ្នករងរបួស។
ពុំមានការអត្ថាធិប្បាយពីកងទ័ពអ៊ីស្រាអែល លើសេចក្តីថ្លែងការណ៍របស់ក្រុមហាម៉ាសទេ។ ទោះបីជាមានការអំពាវនាវជាអន្តរជាតិឱ្យមានបទឈប់បាញ់ក៏ដោយ កងទ័ពអ៊ីស្រាអែល បានបន្តការវាយលុកដ៏ឃោរឃៅប្រឆាំងនឹងតំបន់ហ្កាហ្សាចាប់តាំងពីខែតុលា ឆ្នាំ២០២៣មក ដោយបានសម្លាប់ជនជាតិប៉ាឡេស្ទីនជិត ៥៤.០០០នាក់ ដែលភាគច្រើនជាស្ត្រី និងកុមារ នេះបើយោងតាមតួលេខប៉ាឡេស្ទីន។
យុទ្ធនាការនេះជាការសងសឹក បន្ទាប់ពីពួកសកម្មប្រយុទ្ធដឹកនាំដោយក្រុមហាម៉ាស បានវាយប្រហារសហគមន៍អ៊ីស្រាអែល នៅជិតព្រំដែនហ្កាហ្សា ក្នុងឆ្នាំ២០២៣ ដោយបានសម្លាប់មនុស្សប្រហែល ១.២០០នាក់ និងចាប់ចំណាប់ថ្នូរ ២៥១នាក់ នេះបើយោងតាមចំនួនសរុបរបស់អ៊ីស្រាអែល៕