រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Seyed Abbas Araghchi បាននិយាយកាលពីថ្ងៃអាទិត្យថា ប្រទេសអ៊ីរ៉ង់នឹងស្វាគមន៍ការបើកដំណើរការមជ្ឈមណ្ឌលចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូមនៅក្នុងតំបន់ ហើយនឹងបន្តការចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូម នៅលើទឹកដីរបស់ខ្លួន។

ទីភ្នាក់ងារសារព័ត៌មានផ្លូវការ IRNA បានរាយការណ៍ថា និយាយនៅក្នុងកិច្ចប្រជុំជាមួយសមាជិកនៃគណៈកម្មាធិការសន្តិសុខជាតិ និងគោលនយោបាយការបរទេសរបស់សភាអ៊ីរ៉ង់ លោក Araghchi បាននិយាយថា ទាក់ទងនឹងកិច្ចចរចាដោយប្រយោលរវាងអ៊ីរ៉ង់-អាមេរិក ភាគីអ៊ីរ៉ង់ ពុំដែលចាកចេញពីតុចរចាឡើយ ហើយនឹងបន្តផ្នែកការទូត ប៉ុន្តែខ្លួននឹងមិនចរចានៅក្រោមសម្ពាធឡើយ ។

លោក ក៏បានព្រមានផងដែរអំពីការឆ្លើយតប «ខ្លាំងក្លា» ប្រសិនបើប្រទេសបារាំង អាល្លឺម៉ង់ និងអង់គ្លេស បង្កយន្តការត្រឡប់ក្រោយ និងដាក់ទណ្ឌកម្មឡើងវិញ។ យន្តការនេះ គឺជាផ្នែកមួយនៅក្នុងកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ ២០១៥ ដែលត្រូវបានគេស្គាល់ជាផ្លូវការថាជាផែនការសកម្មភាពគ្រប់ជ្រុងជ្រោយរួម (JCPOA) ដែលត្រូវបានចុះហត្ថលេខារវាងប្រទេសអ៊ីរ៉ង់ និងប្រទេសចំនួន៦ មាន អង់គ្លេស ចិន បារាំង អាល្លឺម៉ង់ រុស្ស៊ី និងសហរដ្ឋអាមេរិក។ យន្តការនេះ នឹងអនុញ្ញាតឱ្យភាគីដ៏ទៃទៀតដាក់ទណ្ឌកម្មជាអន្តរជាតិឡើងវិញទាំងអស់ ប្រសិនបើទីក្រុងតេអេរ៉ង់ មិនអនុវត្តតាមកិច្ចព្រមព្រៀង។
ប្រទេសអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក បានចរចាដោយប្រយោលចំនួន៥ជុំ ត្រូវបានសម្របសម្រួលដោយប្រទេសអូម៉ង់ ដែលបានចាប់ផ្តើមកាលពីខែមេសា ស្តីពីកម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងតេអេរ៉ង់ និងការដកទណ្ឌកម្មរបស់សហរដ្ឋអាមេរិក។ ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ មន្ត្រីអាមេរិក បានទាមទារដដែលៗ ឱ្យអ៊ីរ៉ង់បញ្ឈប់ទាំងស្រុងនូវការចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូម ជាសំណើមួយត្រូវបានច្រានចោលដោយទីក្រុងតេអេរ៉ង់។