ប្រធានក្រុមដែលត្រូវបានគាំទ្រយ៉ាងចម្រូងចម្រាសដោយអាមេរិក ពោលគឺជាក្រុមដែលកំពុងរៀបចំយកជំនួយចូលទៅតំបន់ហ្កាហ្សាស្ទ្រីប បានប្រកាសលាលែងពីតំណែងភ្លាមៗ កាលពីថ្ងៃអាទិត្យ (ទី២៥ ខែឧសភា) ជាការសម្រេចដែលបន្ថែមភាពមិនច្បាស់លាស់ថ្មី អំពីអនាគតនៃកិច្ចប្រឹងប្រែងនេះ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយរបស់មូលនិធិមនុស្សធម៌ហ្កាហ្សា (GHF) នាយកប្រតិបត្តិ លោក Jake Wood បានពន្យល់ថា លោកមានអារម្មណ៍ថា ត្រូវបានបង្ខំឲ្យចាកចេញ បន្ទាប់ពីកំណត់ថា អង្គការនេះមិនអាចបំពេញបេសកកម្មរបស់ខ្លួន តាមរបៀបដែលប្រកាន់ខ្ជាប់នូវ «គោលការណ៍មនុស្សធម៌» បានឡើយ។

មូលនិធិដែលមានមូលដ្ឋាននៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ចាប់តាំងពីខែកុម្ភៈ បានប្តេជ្ញាថា នឹងចែកចាយអាហារចំនួន ៣០០លាន នៅក្នុងរយៈពេល ៩០ថ្ងៃដំបូងនៃប្រតិបត្តិការរបស់ខ្លួន។ ប៉ុន្តែអង្គការសហប្រជាជាតិ (UN) និងទីភ្នាក់ងារជំនួយប្រពៃណី បានប្រាប់រួចហើយថា ពួកគេនឹងមិនសហការជាមួយក្រុមនេះទេ ចំពេលមានការចោទប្រកាន់ថា អង្គការនេះកំពុងធ្វើការជាមួយអ៊ីស្រាអែល។
GHF បានលេចរូបរាងឡើងនៅពេលដែលអន្តរជាតិ ដាក់សម្ពាធកាន់តែខ្លាំងលើអ៊ីស្រាអែល ជុំវិញលក្ខខណ្ឌ នៅតំបន់ហ្កាហ្សា ជាកន្លែងដែលប្រទេសនេះបានបន្តការវាយលុកយោធា ជាការឆ្លើយតបទៅនឹងការវាយប្រហារកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ដោយក្រុមហាម៉ាស។ ការរាំងខ្ទប់ជាង ២ខែ លើដែនដីនេះ ទើបតែបានធូរស្រាលក្នុងប៉ុន្មានថ្ងៃថ្មីៗនេះទេ ដោយសារភ្នាក់ងារនានាបានព្រមានអំពីហានិភ័យនៃភាពស្រេកឃ្លានដែលកំពុងកើនឡើងជាលំដាប់ខ្លាំងឡើងៗ។
លោក Wood បាននិយាយថា៖ «កាលពី ២ខែមុន ខ្ញុំត្រូវបានគេទាក់ទងឲ្យទៅដឹកនាំកិច្ចប្រឹងប្រែងរបស់ GHF ដោយសារតែបទពិសោធន៍របស់ខ្ញុំ ក្នុងប្រតិបត្តិការមនុស្សធម៌។ មិនខុសពីមនុស្សជាច្រើនទៀត នៅជុំវិញពិភពលោក ខ្ញុំមានការរន្ធត់ និងស្លុតចិត្ត ចំពោះវិបត្តិអត់ឃ្លាន នៅហ្កាហ្សា ហើយក្នុងនាមជាអ្នកដឹកនាំមនុស្សធម៌ ខ្ញុំត្រូវបានគេបង្ខំឲ្យធ្វើអ្វីគ្រប់យ៉ាងដែលខ្ញុំអាចធ្វើបាន ដើម្បីជួយសម្រាលទុក្ខវេទនា»៕


