ភ្លៀងធ្លាក់ខ្លាំង បង្កការជន់លិច និងការលំបាកដល់ប្រជាពលរដ្ឋរស់នៅក្នុងទីក្រុងម៉ុមបៃ ប្រទេសឥណ្ឌាកាលពីថ្ងៃអាទិត្យ ។
រដូវវស្សាឆ្នាំនេះ បានវាយប្រហាររដ្ឋ Maharashtra លឿនបំផុតក្នុងរយៈពេល ៣៥ឆ្នាំ ។ រថយន្តត្រូវបានគេមើលឃើញជន់លិច និងធ្វើដំណើរឆ្លងកាត់ផ្លូវយឺតៗ ពេលដែលភ្លៀងនៅតែបន្តធ្លាក់ក្នុងថ្ងៃចន្ទនេះ ។
ភ្លៀងធ្លាក់ខ្លាំង បានជន់លិចបណ្តាញផ្លូវរថភ្លើងផងដែរ នៅស្ថានីយ Masjid, Byculla, Dadar, Matunga និងស្ថានីយ Badlapur ។

ដោយឡែក ការធ្វើចរចារណ៍ បានរងផលប៉ះពាល់ដូចគ្នានៅតាមតំបន់ជាច្រើនដោយសារភ្លៀងធ្លាក់ឥតឈប់ឈរ និងការជន់លិច ។
ប្រទេសឥណ្ឌាដែលមានពលរដ្ឋ ១,៤ពាន់លាននាក់ ពឹងផ្អែកលើទឹកភ្លៀង ដើម្បីគាំទ្រដល់ការរស់នៅប្រជាពលរដ្ឋរបស់ខ្លួន ដោយពួកគេភាគច្រើនអាស្រ័យលើការប្រកបរបរកសិកម្ម ។
ទោះបីជាយ៉ាណាក៏ដោយ ភ្លៀងធ្លាក់ច្រើនហួសប្រមាណ បង្កឲ្យកើតមានទឹកជំនន់ ជាពិសេសដោយសារប្រព័ន្ធបង្ហូរទឹកអន់ ៕
