អភិបាលនៃតំបន់ Sumy របស់អ៊ុយក្រែន នៅតាមព្រំដែនរុស្ស៊ី បាននិយាយកាលពីថ្ងៃចន្ទ (២៦ ឧសភា) ថា កងកម្លាំងរុស្ស៊ី បានវាយដណ្ដើមយកភូមិចំនួន៤ ដែលជាផ្នែកមួយនៃការប៉ុនប៉ងបង្កើត "តំបន់ទ្រនាប់" របស់ខ្លួននៅលើទឹកដីអ៊ុយក្រែន។
អ្នកសរសេរប្លុកយោធា និងយោធារបស់រុស្ស៊ី ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ បានរាយការណ៍ថា ភូមិដែលត្រូវបានវាយយកនៅតំបន់ Sumy នោះ បានស្ថិតនៅក្រោមការវាយប្រហារតាមផ្លូវអាកាសជាញឹកញាប់របស់រុស្ស៊ី អស់រយៈពេលជាច្រើនខែមកហើយ។
អភិបាលតំបន់ Sumy លោក Oleh Hryhorov បានសរសេរបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុក ដោយរាយបញ្ជីឈ្មោះភូមិចំនួន៤ នៅជាប់ព្រំដែន ដែលលោកបាននិយាយថា ឥឡូវនេះត្រូវបានកាន់កាប់ដោយកងកម្លាំងរុស្ស៊ី គឺភូមិ Novenke, Basivka, Veselivka និង Zhuravka ហើយអ្នកភូមិត្រូវបានជម្លៀសជាយូរមកហើយ។
របាយការណ៍របស់រុស្ស៊ី ក្នុងប៉ុន្មានថ្ងៃថ្មីៗ បាននិយាយថា កងកម្លាំងរបស់ទីក្រុងមូស្គូ បានកាន់កាប់ភូមិជាច្រើនក្នុងតំបន់របស់អ៊ុយក្រែនមួយនេះ។ តំបន់ Sumy ស្ថិតនៅទល់មុខតំបន់ Kursk ភាគខាងលិចរបស់រុស្ស៊ី ជាទីដែលកងកម្លាំងអ៊ុយក្រែន បានបើកការវាយលុកឆ្លងព្រំដែនដ៏ធំមួយកាលពីខែសីហា ឆ្នាំមុន ប៉ុន្តែត្រូវបានកងកម្លាំងរុស្ស៊ី អះអាងថាបានវាយរុញចេញពីទីនោះអស់ហើយ៕