ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបាននិយាយនៅថ្ងៃអង្គារ (២៧ ឧសភា) នេះថា ក្រសួងការបរទេសរបស់កូរ៉េខាងជើង បានរិះគន់ខ្លាំងៗលើគម្រោងខែលការពារមីស៊ីល Golden Dome របស់សហរដ្ឋអាមេរិក ថាជា "គំនិតផ្តួចផ្តើមគំរាមកំហែងដ៏គ្រោះថ្នាក់បំផុតនៃសេណារីយ៉ូសង្គ្រាមនុយក្លេអ៊ែរ"។
គួរឱ្យដឹងថា ប្រធានាធិបតីអាមេរិក លោក Donald Trump កាលពីថ្ងៃទី២០ ខែឧសភា បាននិយាយថា លោកបានជ្រើសរើសបែបបទរចនាសម្រាប់ប្រព័ន្ធការពារមីស៊ីល Golden Dome ហើយបានតែងតាំងជាអ្នកដឹកនាំកម្មវិធីដ៏មានមហិច្ឆតាតម្លៃ ១៧៥ពាន់លានដុល្លារមួយនេះ។
ទីភ្នាក់ងារព័ត៌មានរដ្ឋ KCNA រាយការណ៍ថា វិទ្យាស្ថានសម្រាប់ការសិក្សាអាមេរិកនៃក្រសួងការបរទេសកូរ៉េខាងជើង បានលើកឡើងថា ផែនការ Golden Dome "គឺជាផលិតផលដ៏ធម្មតាបំផុតនៃគោលនយោបាយ 'យកអាមេរិជាធំ' ហើយជាការលើកកម្ពស់នៃសុចរិតភាពដ៏អាត្មានិយម ភាពក្រអឺតក្រទម ការលូកដៃជ្រៀតជ្រែក និងការអនុវត្តតាមអំពើចិត្ត ហើយជាសេណារីយ៉ូសង្គ្រាមនុយក្លេអ៊ែរនៅទីអវកាស"។
គោលបំណង Golden Dome របស់អាមេរិក គឺដើម្បីប្រើប្រាស់បណ្តាញផ្កាយរណបរាប់រយជុំវិញពិភពលោក ជាមួយនឹងឧបករណ៍ចាប់សញ្ញា និងគ្រឿងស្ទាក់ចាប់ដ៏ទំនើប ដើម្បីវាយទម្លាក់មីស៊ីលគូប្រជែងដែលបាញ់ចូលមក បន្ទាប់ពីហោះចេញពីប្រទេសនានាដូចជាចិន អ៊ីរ៉ង់ កូរ៉េខាងជើង ឬរុស្ស៊ីជាដើម។
ប្រទេសចិន កាលពីសប្តាហ៍មុនបាននិយាយថា ខ្លួនមាន "ការព្រួយបារម្ភយ៉ាងខ្លាំង" អំពីគម្រោងនេះ ហើយបានអំពាវនាវឱ្យទីក្រុងវ៉ាស៊ីនតោន បោះបង់ចោលការអភិវឌ្ឍរបស់ប្រព័ន្ធប្រឆាំងមីស៊ីលនេះ៕