រថយន្តមួយគ្រឿង បានបើកបំបុកចូលហ្វូងអ្នកគាំទ្រក្រុម Liverpool ក្នុងអំឡុងពេលក្បួនដង្ហែរអបអរ ការប្រកួតលីគកំពូល(Premier League) របស់ក្រុមខ្លួន ដោយបានបណ្តាលឲ្យមនុស្សចំនួន២៧នាក់រងរបួស ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ ខណៈពីរនាក់បានរងរបួសធ្ងន់ ប៉ុន្តែនគរបាលបាននិយាយថា ពួកគេមិនជឿនោះទេថា ឧបទ្ទវហេតុនេះពាក់ព័ន្ធនឹងសកម្មភាពភេរវកម្ម។

នគរបាលនិយាយថា ពួកគេបានឃាត់ខ្លួនបុរសជនជាតិអង់គ្លេសស្បែកសអាយុ៥៣ឆ្នាំម្នាក់ មកពីតំបន់ នៅLiverpool ជាអ្នកដែលពួកគេជឿថាជាអ្នកបើករថយន្តបំបុកចូលក្រុមអ្នកគាំទ្រដ៏ច្រើនកំពុងអបអរនៅទីក្រុងនៅភាគពាយព្យប្រទេសអង់គ្លេស។ មនុស្ស២០នាក់ត្រូវបានព្យាបាលនៅកន្លែងកើតហេតុ ហើយមន្ត្រីរថយន្តគិលានសង្គ្រោះបាននិយាយថា ក្នុងចំណោមអ្នករបួសទាំង២៧នាក់ដែលត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យ មាន៤នាក់ជាកុមារ។ មនុស្សបួននាក់ដែលជាប់នៅក្រោមរថយន្តត្រូវបានក្រុមអ្នកពន្លត់អគ្គិភ័យរំដោះចេញ។

វីដេអូនៅលើបណ្តាញផ្សព្វផ្សាយសង្គមបានបង្ហាញពីមនុស្សច្រើននាក់ខ្ទាតចេញ ខណៈរថយន្តបានបើកបំបុកអ្នកទស្សនា។ ពេលរថយន្តត្រូវបានបញ្ឈប់ អ្នកគាំទ្រដែលមានកំហឹង បាននាំគ្នាវាយកញ្ចក់បង្អួចរថយន្ត ខណៈមន្ត្រីនគរបាលជួយអន្តរាគមន៍រារាំងមិនឱ្យចូលទៅដល់អ្នកបើកបរ។ អាជ្ញាធរនិយាយថា យើងជឿថានេះជាឧបទ្ទវហេតុដាច់ដោយឡែកមួយ ហើយបច្ចុប្បន្នយើងមិនស្វែងរកនរណាម្នាក់ផ្សេងទៀតដែលជាប់ពាក់ព័ន្ធក្នុងឧបទ្វហេតុនេះទេ ហើយហេតុការណ៍នេះក៏ពុំត្រូវបានចាត់ទុកថាជាអំពើភេរវកម្មដែរ។ ដោយមនុស្សភាគច្រើនឈប់សម្រាកពីការងារសម្រាប់ពិធីបុណ្យ Spring Bank Holiday អ្នកគាំទ្ររាប់សែននាក់បានមកប្រមូលផ្តុំគ្នាដើម្បីមើលក្រុមLiverpool និងបុគ្គលិករបស់ក្រុមនេះដង្ហែរឆ្លងកាត់កណ្តាលទីក្រុងនៅលើរថយន្តក្រុងបើកចំហជាមួយនឹងពានរង្វាន់លីគកំពូល(Premier League)។ ប្រធានក្រុមប្រឹក្សាក្រុង Liverpool លោក Liam Robinson បាននិយាយនៅលើបណ្តាញផ្សព្វផ្សាយសង្គមថាឧបទ្ទវហេតុនេះ «បានធ្វើឱ្យមានស្រមោលងងឹតយ៉ាងខ្លាំងទៅលើអ្វីដែលជាថ្ងៃដ៏រីករាយ»។