នាយករដ្ឋមន្រ្តីអូស្ត្រាលី បានបញ្ជូនកងកម្លាំងការពារជាតិរបស់ប្រទេសចំនួន ៧០នាក់ ដើម្បីដាក់ពង្រាយទៅកាន់តំបន់ឆ្នេរភាគកណ្តាលនៃរដ្ឋ New South Wales (ហៅកាត់ថា NSW) ក្នុងប្រតិបត្តិការជួយសម្អាតកម្ទេចកម្ទី បន្ទាប់ពីទឹកជំនន់ដ៏បំផ្លិចបំផ្លាញ។
កងទ័ពទាំងនោះនឹងចុះប្រតិបត្តិការចាប់ពីថ្ងៃអង្គារ (២៧ ឧសភា) នេះ រួមជាមួយនឹងជំនួយសង្គ្រោះគ្រោះមហន្តរាយអូស្ត្រាលី ដែលដឹកនាំដោយទាហានជើងចាស់ ដោយជួយសម្អាតបំណែកបែកបាក់ បើកផ្លូវឡើងវិញ និងត្រួតពិនិត្យសុខុមាលភាពដល់អ្នករស់នៅក្នុងតំបន់ទឹកជំនន់ ដែលបានសម្លាប់មនុស្ស ៥នាក់ និងបំផ្លាញលំនៅឋានប្រជាពលរដ្ឋជាង ១០.០០០ខ្នង។
លោកនាយករដ្ឋមន្រ្តី Anthony Albanese បានប្រកាសពីការដាក់ពង្រាយកម្លាំងនេះ ខណៈប្រតិបត្តិការបោសសម្អាតដ៏ធំ បានចាប់ផ្តើមសម្រាប់សហគមន៍នៅទូទាំងតំបន់រងគ្រោះ។ បន្ទាប់ពីឧទ្ធម្ភាគចក្រពីកងកម្លាំងការពារបានប្រតិបត្តិការស្វែងរក និងសង្គ្រោះអំឡុងទឹកជំនន់ បុគ្គលិកយោធារាប់សិបនាក់ ក៏ត្រូវបានប្រមូលផ្តុំដើម្បីផ្តល់ជំនួយនៅទីតាំងរងគ្រោះ ដោយផ្តោតលើការបោសសម្អាតផ្លូវដឹកជញ្ជូន។
ខណៈទឹកជន់លិចបានស្រកចុះ អាជ្ញាធរគ្រោះមហន្តរាយសហព័ន្ធ នៅតែបារម្ភពីផលប៉ះពាល់នៃអាកាសធាតុត្រជាក់ "យ៉ាងធ្ងន់ធ្ងរ" ដែលរុញច្រានឆ្លងកាត់រដ្ឋ NSW លើបសុសត្វដែលត្រូវបានជាប់គាំងក្នុងទឹកពេញមួយគ្រោះមហន្តរាយនេះ៕