អធិការបតីអាល្លឺម៉ង់ លោក Friedrich Merz បានរិះគន់ខ្លាំងៗលើសកម្មភាពថ្មីៗរបស់អ៊ីស្រាអែលនៅតំបន់ហ្កាហ្សា។ ប្រតិបត្តិការយោធា បានបណ្តាលឲ្យចំនួនជនស៊ីវិលស្លាប់និងរបួសកើនឡើង។
យោធាអ៊ីស្រាអែល បានប្រកាសកាលពីថ្ងៃចន្ទថា ខ្លួនបានធ្វើការវាយប្រហារតាមអាកាសក្នុងរយៈពេលពីរថ្ងៃទៅលើគោលដៅជាង២០កន្លែងនៅតំបន់ហ្កាហ្សា រួមទាំងទីតាំងនានាដែលជារបស់ក្រុមហាម៉ាសអ៊ីស្លាមនិយម។

ប្រព័ន្ធផ្សព្វផ្សាយប៉ាឡេស្ទីន បានរាយការណ៍ថា អ៊ីស្រាអែល បានទម្លាក់គ្រាប់បែកលើសាលារៀនមួយកន្លែង ដែលអ្នកស្រុកមួយចំនួនកំពុងជ្រកកោនជាទីជម្រក។
អាជ្ញាធរសុខាភិបាលនៅក្នុងតំបន់ហ៊ុមព័ទ្ធមួយនេះ បាននិយាយថា មនុស្សរាប់សិបនាក់ ត្រូវបានសម្លាប់ក្នុងអំឡុងពេល២៤ម៉ោងកន្លងទៅនេះ ដោយសារតែការវាយប្រហាររបស់យោធាអ៊ីស្រាអែល។
លោក Merz បាននិយាយនៅក្នុងបទសម្ភាសន៍តាមទូរទស្សន៍កាលពីថ្ងៃច័ន្ទថា លោកលែងយល់ពីមូលហេតុដែលអ៊ីស្រាអែលកំពុងបង្កគ្រោះថ្នាក់ដល់ប្រជាជនស៊ីវិល។ ឥរិយាបទរបស់អ៊ីស្រាអែល មិនអាចត្រូវបានគេចាត់ទុកថាជាការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្មដែលប្រព្រឹត្តដោយក្រុមហាម៉ាសទេ។ ទោះជាយ៉ាងណា អធិការបតីរូបនេះ បានចង្អុលបង្ហាញថា អាល្លឺម៉ង់នឹងនៅខាងអ៊ីស្រាអែល។

