ក្រុមបាតុករជនជាតិជ្វីហ្វវ័យក្មេងនៅអ៊ីស្រាអែល រាប់ពាន់នាក់ បានធ្វើដំណើរឆ្លងកាត់សង្កាត់មូស្លីមនៃទីក្រុងហ្សេរុយសាឡិម កាលពីថ្ងៃចន្ទ (២៦ ឧសភា) ក្នុងអំឡុងពេលក្បួនដង្ហែប្រចាំឆ្នាំ ដើម្បីប្រារព្ធទិវាហ្សេរុយសាឡិម ជាពេលដែលអ៊ីស្រាអែល បានវាយដណ្តើមយកទឹកដីផ្នែកខាងកើតនៃទីក្រុងដ៏ចំណាស់មួយនេះ។

អ្នកចូលរួមបានស្រែកថា "ស្លាប់ទៅអារ៉ាប់" និង "សូមឱ្យភូមិរបស់អ្នកឆេះខ្ទេចខ្ទី" ខណៈការប៉ះទង្គិចបានកើតឡើងយ៉ាងតានតឹងក្នុងអំឡុងពេលនោះ។ អាជីវករប៉ាឡេស្ទីនបានបិទទ្វារហាងរបស់ពួកគេលឿនជាងធម្មតា ហើយនគរបាលបានតម្រង់ជួរនៅមុនការហែក្បួន ដែលជារឿយៗក្លាយជាក្បួនដង្ហែរអ៊ូរទាំ និងពេលខ្លះបង្កជាហិង្សារបស់ជនជាតិជ្វីហ្វជ្រុលនិយម។
ក្រុមអ្នកដើរក្បួន ភាគច្រើនជាជនជាតិអ៊ីស្រាអែលវ័យក្មេង ដែលរស់នៅក្នុងទីតាំងទីលំនៅនៃតំបន់កាន់កាប់ West Bank បានចាប់ផ្តើមកំណត់គោលដៅលើសកម្មជន និងអ្នកកាសែតឆ្វេងនិយមអ៊ីស្រាអែល ដែលសង្កេតមើលការប្រមូលផ្ដុំនេះ។ សាក្សីជាច្រើនរាយការណ៍ថា អ្នកចូលរួមបានប៉ះទង្គិចជាមួយសកម្មជន ដែលបានធ្វើអន្តរាគមន៍ដើម្បីនាំយកជនជាតិប៉ាឡេស្ទីនចេញឱ្យឆ្ងាយពីជនជាតិជ្វីហ្វអ៊ីស្រាអែលស្តាំនិយមជ្រុលវ័យក្មេង ដែលគំរាមកំហែងអ្នកធ្វើដំណើរឆ្លងកាត់។
គួរឱ្យដឹងថា ទីក្រុងហ្សេរុយសាឡិម ជាចំណុចស្នូលនៃជម្លោះរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន ដោយភាគីទាំងសងខាងបានចាត់ទុកទីក្រុងមួយនេះថាជាផ្នែកសំខាន់នៃអត្តសញ្ញាណជាតិ និងសាសនារបស់ពួកគេ ខណៈក្រុងដ៏ចំណាស់នេះក៏ជាបញ្ហាមួយក្នុងចំណោមបញ្ហាដែលក្ដៅបំផុតនៃជម្លោះ ហើយជាទីតាំងប៉ះទង្គិចយ៉ាងហិង្សាជាញឹកញាប់៕

