កំពង់ឆ្នាំង៖ លោក សៀង សុភ័ណ មេភូមិព្រែកសំពៅ ឃុំប្រស្នឹប ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង បានអោយដឹងនៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥នេះថា ការសំអាតបរិស្ថាន ដងផ្លូវ ភូមិដ្ឋាន វត្តអារាម សាលារៀន និងសហគមន៍គ្មានសំរាម ជាកាតព្វកិច្ចរបស់យើងទាំងអស់គ្នា«កម្ពុជាស្អាត ខ្មែរធ្វើបាន» ។
លោកមេភូមិបានបន្តថា៖ ការបើកយុទ្ធនាការ«កម្ពុជាស្អាត ខ្មែរធ្វើបាន»របស់ក្រសួងបរិស្ថានកន្លងមកនេះ បានបង្ហាញយ៉ាងច្បាស់ពី កម្ពុជាយើងបានទប់ស្កាត់ ការពារការប្រើប្រាស់ និងបោះចោលថង់ប្លាស្ទិក បានច្រើនជាងការបោះចោលទៅក្នុងទីសាធារណៈ។ ជាក់ស្តែង នៅក្នុងភូមិព្រែកសំពៅបច្ចុប្បន្ន ប្រជាពលរដ្ឋ សិស្សានុសិស្ស និងអ្នកពាក់ព័ន្ធក្នុងភូមិ បានយល់ដឹងកាន់តែច្បាស់ពីការទុកដាក់សំរាម ការសំអាតបរិស្ថាន ដោយមានការប្រជុំពន្យល់ណែនាំពួកគាត់ពីអាជ្ញាធរភូមិ ឃុំ ស្រុក ខេត្ត រួមនិងមន្ទីរបរិស្ថាន នាំអោយភូមិព្រែកសំពៅ គ្មានសំរាមនៅជុំវិញបរិវេណផ្ទះ សាលារៀន វត្តអារាម និងតាមទីសាធារណៈទៀតឡើយ។ ម្យ៉ាងទៀត ប្រជាពលរដ្ឋទាំងអស់ បានដាក់ធុងសំរាមនៅមុខផ្ទះតាមដងផ្លូវគ្រប់គ្នា ធ្វើអោយអ្នកទម្លាប់បោះចោលសំរាមពាសវាលពាសកាលទាំងអស់ ងាកមកទុកដាក់សំរាមនៅតាមធុងដាក់សំរាមតាមដងផ្លូវវិញ។
លោក សេង វិចិត្រ អភិបាលស្រុករលាប្អៀរបានថ្លែងថា៖ យុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» គឺជាយុទ្ធនាការសុំឱ្យសិស្សានុសិស្ស បងប្អូនប្រជាពលរដ្ឋមួយភូមិ ឬមួយឃុំ ឬមួយស្រុក ឬមួយខេត្ត ចេញមកទាំងអស់គ្នារើសសំរាមជុំវិញបរិវេណផ្ទះ សាលារៀន វត្តអារាម និងតាមទីសាធារណៈ រៀងរាល់ថ្ងៃព្រហស្សត៏ ដោយប្រមូលទុកដាក់សំរាមឱ្យបានត្រឹមត្រូវ។ ការទុកដាក់សំរាម ក៏ជាផ្នែកមួយនៃការស្តែងឡើង នូវអាកប្បកិយា និងឥរិយាបទ មានន័យថា ពីការប្រតិបត្តិរបស់មនុស្ស និងអំពើរបស់មនុស្ស ដែលបាននិងកំពុងប្រព្រឹត្តនៅក្នុងសង្គម។ លោកបានគាំទ្រដល់ចលនាសម្អាតបរិស្ថាន តាមរយៈយុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» ឱ្យបានផុសផុលនៅតាមមូលដ្ឋានបន្ថែមទៀត និងជារៀងរាល់សប្តាហ៍ ក្នុងគោលបំណងជំរុញការលើកកម្ពស់អនាម័យបរិស្ថាន សោភ័ណភាពរបស់មូលដ្ឋាន និងដើម្បីកម្ពុជាស្អាត ស្រស់បំព្រង គ្មានការបំពុល និងឈានទៅការលប់បំបាត់សំរាម សំណល់ប្លាស្ទិក បន្តិចម្តងៗអោយអស់ពីកម្ពុជានាពេលខាងមុខ។
យុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ និងផ្អែកលើមូលដ្ឋានច្បាប់ គោលនយោបាយ និងយុទ្ធសាស្រ្តជាតិដែលមានជាធរមាន ព្រមទាំងក្របខណ្ឌអនុសញ្ញាអន្តរជាតិពាក់ព័ន្ធ ក្រសួងបរិស្ថានបានរៀបចំ «យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ឆ្នាំ២០២៣- ២០២៨» ដែលផ្តោតលើមុំយុទ្ធសាស្រ្តចំនួន៣ គឺភាពស្អាត ភាពបៃតង និងចីរភាព ក្នុងគោលបំណងតម្រង់ទិស និងចង្អុលបង្ហាញការងារជាអាទិភាព ដើម្បីធានាអោយបាននូវចីរភាពបរិស្ថាន និងសុក្រឹតកម្មបរិស្ថានកិច្ច ឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងលើកកម្ពស់សេដ្ឋកិច្ចបៃតងនាពេលអនាគត៕ កាំង ហុងវាស្នា