អគ្គលេខាធិការអង្គការណាតូ (NATO) លោក Mark Rutte កាលពីថ្ងៃចន្ទ (ទី២៦ ខែឧសភា) បាននិយាយថា លោកជឿជាក់ថា សមាជិកសម្ព័ន្ធភាពនឹងយល់ព្រមលើគោលដៅចំណាយដ៏ច្រើន សម្រាប់វិស័យការពារជាតិចំនួន ៥ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP) អំឡុងកិច្ចប្រជុំកំពូល នៅទីក្រុងឡាអេ ប្រទេសហូឡង់ នាខែក្រោយ។
អំឡុងកិច្ចប្រជុំសភារបស់អង្គការណាតូ នៅទីក្រុង Dayton សហរដ្ឋអាមេរិក លោក Rutte បាននិយាយ៖ «ខ្ញុំគិតថា នៅទីក្រុងឡាអេ យើងនឹងយល់ព្រមលើគោលដៅចំណាយខ្ពស់លើវិស័យការពារជាតិសរុប ៥ភាគរយ»។ លោកបានបន្ថែមថា៖ «ខ្ញុំសុំនិយាយថា ចំនួនសរុប គឺ ៥ភាគរយ ប៉ុន្តែខ្ញុំនឹងមិនផ្តល់ការវិភាគពិតប្រាកដទេ។ តែចំនួនដែលបានចំណាយ នឹងមានលើសពី ៣ភាគរយ ហើយវានឹងមានគោលដៅ សម្រាប់ការចំណាយទាក់ទងនឹងវិស័យការពារជាតិផ្សេងទៀតផងដែរ»។

ទីភ្នាក់ងារសារព័ត៌មាន Reuters បានរាយការណ៍កាលពីដើមខែនេះថា លោក Rutte បានស្នើឲ្យសមាជិកអង្គការណាតូបង្កើនការចំណាយលើវិស័យការពារជាតិដល់ចំនួន ៣,៣ភាគរយនៃ GDP របស់ពួកគេ និង ១,៥ភាគរយបន្ថែមទៀតលើឧបករណ៍ផ្សេងទៀតដែលទាក់ទងនឹងសន្តិសុខកាន់តែទូលំទូលាយ ដើម្បីបំពេញតាមការទាមទាររបស់ប្រធានាធិបតីអាមេរិក Donald Trump សម្រាប់គោលដៅ ៥ភាគរយ។
ហើយជាមួយគ្នានេះ អង្គការណាតូមានបំណងយល់ព្រមលើគោលដៅថ្មីនេះ នៅក្នុងកិច្ចប្រជុំកំពូលនៃមេដឹកនាំរបស់សម្ព័ន្ធភាព នៅទីក្រុងឡាអេ នាថ្ងៃទី ២៤-២៥ ខែមិថុនា៕
