យោងតាមប្រភពព័ត៌មានពីកាសែត Al Jazeera បានឲ្យដឹងថា ក្រុមហាម៉ាសបានយល់ព្រមនឹងសំណើបទឈប់បាញ់ដាក់ជូនដោយសហរដ្ឋអាមេរិកសម្រាប់តំបន់ហ្កាហ្សា ប៉ុន្តែមន្រ្តីមួយរូបរបស់អាមេរិក បានច្រានចោលអំណះអំណាងមួយនេះ ហើយលោកនិយាយថា កិច្ចព្រមព្រៀងដែលត្រូវបានពិភាក្សាមិនអាចទទួលយកបាននោះទេ ហើយវាគួរឲ្យខកចិត្ត ។
យោងតាមសេចក្តីរាយការណ៍ពីទីភ្នាក់ងារព័ត៌មានរ៉យទ័រ បានឲ្យដឹងថា ក្រុមមន្រ្តីអ៊ីស្រាអែលបានច្រានចោលផងដែរថា សំណើរមួយនេះពុំបានផ្តល់ជូនដោយសហរដ្ឋអាមេរិកនោះទេ ដោយពួកគេនិយាយកាលពីថ្ងៃចន្ទថា គ្មានផ្លូវដែលរដ្ឋាភិបាលអ៊ីស្រាអែលអាចយល់ព្រមទទួលយកវាបាននោះទេ ។

សេចក្តីរាយការណ៍ជម្លោះនេះ បានកើតមានឡើង ពេលដែលកងកម្លាំងអ៊ីស្រាអែលនៅតែបន្តការទម្លាក់គ្រាប់បែកឥតឈប់ឈររបស់ពួកគេលើជនប៉ាឡេស្ទីនដែលអត់ឃ្លាននៅតំបន់ហ្កាហ្សា និងបន្តរឹតត្បិតធ្ងន់ធ្ងរលើការចូលជំនួយទៅកាន់តំបន់ឡោមព័ទ្ធមួយនេះ ។
ប្រភពវេជ្ជសាស្រ្ត បានឲ្យដឹងថា មនុស្សយ៉ាងហោច ៨១នាក់ រួមទាំងកុមារជាច្រើននាក់ផងដែរ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែលកាលពីថ្ងៃចន្ទ ។
ប្រភពព័ត៌មានពីកាសែត Al Jazeera បានឲ្យដឹងថា ក្រុមហាម៉ាស និងប្រេសិតពិសេសសហរដ្ឋអាមេរិកប្រចាំតំបន់មជ្ឈិមបូព៌ាលោក Steve Witkoff បានឯកភាពលើកិច្ចព្រមព្រៀងពង្រាង នៅក្នុងជំនួបនៅទីក្រុង Doha ប្រទេសកាតា ។
ពួកគេនិយាយថា កិច្ចព្រមព្រៀងនេះរួមបញ្ចូលបទឈប់បាញ់រយៈពេល ៦០ថ្ងៃ និងការដោះលែងចំណាប់ថ្នូរនៅមានជីវិតចំនួន ១០នាក់ ដែលឃុំឃាំងនៅតំបន់ហ្កាហ្សា សម្រាប់ ២ដំណាក់កាល ។
ប្រភពបន្តទៀតថា ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trumpនឹងធានាដល់លក្ខខណ្ឌនៃកិច្ចព្រមព្រៀង និងការដកទាហានអ៊ីស្រាអែលចេញពីតំបន់ហ្កាហ្សា ។ កិច្ចព្រមព្រៀងនេះដែរ នឹងអនុញ្ញាតផងដែរសម្រាប់ការចូលជំនួយមនុស្សធម៌ដោយគ្មានលក្ខខណ្ឌចាប់ពីថ្ងៃដំបូងតទៅ ៕
