ក្រសួងការពារជាតិរុស្ស៊ី នៅថ្ងៃអង្គារ (ទី២៧ ខែឧសភា) បានប្រាប់ឲ្យដឹងថា អ៊ុយក្រែនគាំទ្រដោយបណ្តាប្រទេសអឺរ៉ុបមួយចំនួន បានចាត់វិធានការ «បង្កហេតុ» ជាច្រើន ក្នុងគោលបំណងបង្អាក់កិច្ចចរចាសន្តិភាពដោយផ្ទាល់ដែលត្រូវបានផ្តួចផ្តើមឡើងដោយទីក្រុងមូស្គូ ជាមួយទីក្រុងគីវ។
គួរបញ្ជាក់ថា កិច្ចចរចាដោយផ្ទាល់ជាលើកដំបូង រវាងរុស្ស៊ី និងអ៊ុយក្រែន ក្នុងរយៈពេលជាង ៣ឆ្នាំ ត្រូវបានធ្វើឡើង កាលពីថ្ងៃទី១៦ ខែឧសភា ប៉ុន្តែមិនបានឈានដល់ការបង្កើតកិច្ចព្រមព្រៀងបទឈប់បាញ់នោះឡើយ។
ក្រសួងបានឲ្យដឹងថា៖ «តាមគំនិតផ្តួចផ្តើមរបស់សហព័ន្ធរុស្ស៊ី ការសន្ទនាដោយផ្ទាល់រុស្ស៊ី-អ៊ុយក្រែន ស្តីពីដំណោះស្រាយដោយសន្តិវិធីនៃជម្លោះ នៅអ៊ុយក្រែន ត្រូវបានចាប់ផ្ដើមឡើងវិញ។ ក្នុងពេលជាមួយគ្នានេះ របបទីក្រុងគីវដែលគាំទ្រដោយប្រទេសមួយចំនួន នៅអឺរ៉ុប បានចាត់វិធានការបង្កហេតុជាច្រើន ក្នុងគោលបំណងបង្អាក់ដំណើរការចរចានេះ»។
យោងតាមក្រសួងរបស់រុស្ស៊ី បានឲ្យដឹងថា ចាប់តាំងពីថ្ងៃទី២០ ខែឧសភាមក អ៊ុយក្រែនបានបង្កើនការវាយប្រហារដោយយានដ្រូន និងមីស៊ីលលើដែនដីរុស្ស៊ី ដោយប្រើប្រាស់គ្រាប់រំសេវដែលផ្គត់ផ្គង់ដោយលោកខាងលិច និងកំណត់គោលដៅវាយប្រហារតំបន់មានជនស៊ីវិល។
ក្រសួងបានបន្ថែមថា នៅចន្លោះល្ងាចថ្ងៃទី២០ ខែឧសភា ដល់ព្រឹកថ្ងៃទី២៧ ខែឧសភានេះ ប្រព័ន្ធការពារដែនអាកាសរុស្ស៊ីបា នស្ទាក់ចាប់ និងបំផ្លាញយានដ្រូនអ៊ុយក្រែនចំនួន ២.៣៣១គ្រឿង ក្នុងនោះរួមទាំង ១.៤៦៥គ្រឿង នៅខាងក្រៅតំបន់ជម្លោះដោយផ្ទាល់ផងដែរ។
រីឯអ៊ុយក្រែនវិញ ក៏បានរាយការណ៍ពីការកើនឡើងយ៉ាងខ្លាំងក្លានូវការវាយប្រហាររបស់រុស្ស៊ីលើដែនដីរបស់ខ្លួន ក្នុងនោះរួមទាំងការវាយប្រហារយ៉ាងសន្ធាប់ទ្រង់ទ្រាយធំបំផុត កាលពីយប់ថ្ងៃទី២៥ ខែឧសភាផងដែរ។ ភាពតានតឹងនេះបានជំរុញឲ្យប្រធានាធិបតីអាមេរិក លោក Donald Trump លើកឡើងថា ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បាន «ធ្វើនូវទង្វើផ្ដេសផ្ដាសមែនទែន» ព្រមទាំងគំរាមដាក់ទណ្ឌកម្មថ្មី៕