នាល្ងាច ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាត លោក Datuk Hanifah Noordin នាយកប្រតិបត្តិនៃ MMAG Holdings Berhad និង ក្រុមហ៊ុន NexG Berhad ចូលជួបសម្ដែងការគួរសម ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤៦ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ។
ក្នុងឱកាសនៃជំនួប, លោកនាយកប្រតិបត្តិក្រុមហ៊ុនបានថ្លែងអំណរគុណចំពោះសម្តេចបវរធិបតី ដែលបានអនុញ្ញាតឱ្យរូបលោក និងសហការីចូលជួបសម្តែងការគួរសមនាឱកាសនេះ។ លោកនាយកប្រតិបត្តិបានជម្រាបជូនពីអាជីវកម្មរបស់ក្រុមហ៊ុន ដែលមានជំនាញឯកទេសលើវិស័យបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ជាពិសេសផ្នែកសន្តិសុខឌីជីថល ដែលកំពុងមានប្រតិបត្តិការអាជីវកម្មនៅក្នុងប្រទេសម៉ាឡេស៊ី និងបណ្តាប្រទេសមួយចំនួនទៀតនៅក្នុងតំបន់។ បច្ចុប្បន្ន ក្រុមហ៊ុនក៏មានប្រតិបត្តិការអាជីវកម្មលើផ្នែកឡូជីស្ទីកនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរផងដែរ។ បន្ថែមលើនេះ ក្រុមហ៊ុនក៏មានបំណងស្វែរកឱកាសវិនិយោគលើវិស័យសន្តិសុខឌីជីថល និងការពង្រីកការវិនិយោគបន្ថែមទៀតលើវិស័យឡូជីស្ទីកនៅកម្ពុជា។ជាការឆ្លើយតប សម្តេចបវរធិបតីបានសម្តែងនូវក្តីសោមនស្សរីករាយ ដែលបានជួបពិភាក្សាលោកនាយកប្រតិបត្តិក្រុមហ៊ុន និងបានស្វាគមន៍ចំពោះបំណងវិនិយោគរបស់ក្រុមហ៊ុននៅកម្ពុជា។ សម្តេចបវរធិបតីបានគូសបញ្ជាក់ពីគោលនយោបាយសំខាន់ៗរបស់រាជរដ្ឋាភិបាល ដើម្បីគាំទ្រដល់វិស័យឡូជីស្ទីករបស់កម្ពុជា និងការជំរុញវិស័យនេះ តាមរយៈការកសាងហេដ្ឋារចនាសម្ព័ន្ធដូចជាការពង្រីកសមត្ថភាពកំពង់ផែទឹកជ្រៅក្រុងព្រះសីហនុ សំដៅប្រែក្លាយជាមជ្ឈមណ្ឌលឡូជីស្ទីកនៅក្នុងតំបន់,ការកសាងព្រលានយន្តហោះ និងផ្លូវថ្នល់ ជាដេីម។ សម្តេចបវរធិបតីក៏បានគូសបញ្ជាក់ពីការរៀបចំយន្តការតំបន់សេដ្ឋកិច្ចពិសេសតាមប្រភេទឧស្សាហកម្ម និងប្រទេសជាក់លាក់ និងការដាក់ចេញគោលនយោបាយគាំទ្រដល់វិនិយោគិនបរទេស តាមរយៈការបង្កើតបរិយាកាសអំណោយផល និងការសម្រួលនីតិវិធីវិនិយោគលេីវិស័យឡូជីស្ទីកនេះ។ ចំពោះវិស័យឌីជីថល សម្តេចបវរធិបតីបានសង្កត់ធ្ងន់ពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដែលបានចាត់ទុកវិស័យឌីជីថលជាវិស័យអាទិភាពគន្លឹះ។ សម្តេចបវរធិបតីបានលើកទឹកចិត្តដល់ក្រុមហ៊ុនឱ្យបន្តផ្សារភ្ជាប់ទំនាក់ទំនងជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធនៃរាជរដ្ឋាភិបាលកម្ពុជា ដើម្បីពិនិត្យលទ្ធភាពវិនិយោគជាក់ស្តែងនៅកម្ពុជា៕