អ្នកវិភាគព័ត៌មានសម្ងាត់ពីប្រភពបើកចំហបាននិយាយថា រូបភាពពីផ្កាយរណបថ្មីបានបង្ហាញពីកងកម្លាំងសហរដ្ឋអាមេរិក កំពុងបង្កើនកម្លាំងទ័ពអាកាសរបស់ខ្លួននៅមូលដ្ឋានមហាសមុទ្រឥណ្ឌា ដែលអាចជាចំណុចចាប់ផ្តើមសម្រាប់ការវាយប្រហារណាមួយលើប្រទេសអ៊ីរ៉ង់។ មន្ទីរបញ្ចកោណ បានបដិសេធមិនធ្វើអត្ថាធិប្បាយលើរឿងនេះទេ។

សកម្មភាពដែលកំពុងដំណើរការនៅមូលដ្ឋានទ័ពអាកាស Diego Garcia ចម្ងាយជាង ៣.២០០គីឡូម៉ែត្រពីអ៊ីរ៉ង់ ដែលក៏ជាទីតាំងប្រតិបត្តិការយុទ្ធសាស្ត្រសម្រាប់ទាំងកងទ័ពចក្រភពអង់គ្លេសផងដែរនោះ បានកើតឡើងស្របពេលមានភាពតានតឹងមិនអន់ថយរវាងអាមេរិក និងអ៊ីរ៉ង់ ជុំវិញកម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងតេអេរ៉ង់។

ថ្មីៗនេះ កងទ័ពអាកាសអាមេរិក បានបង្កើនសមត្ថភាពចាក់ប្រេងពីលើអាកាសរបស់ខ្លួននៅមូលដ្ឋាន Diego Garcia ដោយដាក់ពង្រាយយានដឹកប្រេងតាមអាកាស KC-135 បន្ថែមទៀតទៅកាន់មូលដ្ឋានយុទ្ធសាស្ត្រនៃមហាសមុទ្រឥណ្ឌា នេះបើយោងតាមរូបភាពពីផ្កាយរណប។ ការដាក់ពង្រាយយន្តហោះចម្បាំង F-15 នាពេលថ្មីៗនេះ ក៏បានបន្ថែមលើការបង្កើនកម្លាំងយោធារបស់អាមេរិក នៅ Diego Garcia ផងដែរ។
ទោះជាកិច្ចចរចានុយក្លេអ៊ែរនៅតែបន្តក៏ដោយ លោកប្រធានាធិបតី Donald Trump បានគំរាមប្រើកម្មភាពយោធា ប្រសិនបើការទូតបរាជ័យមិនអាចរកបានកិច្ចព្រមព្រៀងថ្មីដើម្បីរារាំងអ៊ីរ៉ង់ មិនឱ្យផលិតអាវុធនុយក្លេអ៊ែរទេនោះ។ ទន្ទឹមនឹងនេះ អ៊ីរ៉ង់ក៏បានបង្កើនការបង្កើនកម្លាំងយោធារបស់ខ្លួន ដោយគំរាមដល់គោលដៅរបស់សហរដ្ឋអាមេរិក នៅក្នុងតំបន់ ក្នុងករណីមានការវាយប្រហារណាមួយ៕

