អ្នកស្រុកនៅក្បែររោងចក្រគីមី ដែលបានផ្ទុះនៅខេត្ត Shandong ភាគខាងកើតប្រទេសចិន នៅថ្ងៃពុធ (២៨ ឧសភា) នេះ បានចុះទៅវាយតម្លៃការខូចខាត ចាប់ផ្ដើមការសម្អាត និងតាមដានគុណភាពខ្យល់នៅភូមិរបស់ពួកគេ ដោយភ័យខ្លាចថានៅមានជាតិពុលពីការផ្ទុះ ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៥នាក់ កាលពីមួយថ្ងៃមុននោះ។
ផ្សែងខ្មៅ និងប្រផេះយ៉ាងឃ្មួលខ្មាញ់នៅតែហុយឡើងពីទីតាំងកើតហេតុ ខណៈសេវាសង្គ្រោះបន្ទាន់បន្តប្រតិបត្តិការទៅកន្លែងនោះ ប៉ុន្តែមន្ត្រីមូលដ្ឋានមិនទាន់បញ្ចេញលទ្ធផលតេស្តគុណភាពខ្យល់ និងមូលហេតុនៃគ្រោះថ្នាក់នៅឡើយទេ។
ការផ្ទុះកើតឡើងនៅមុនថ្ងៃត្រង់កាលពីថ្ងៃអង្គារ នៅឯរោងចក្រគីមី ដែលដំណើរការដោយក្រុមហ៊ុន Shandong Youdao Chemical ក្នុងទីក្រុង Gaomi ដោយបានបញ្ចេញផ្សែងភ្លើងពណ៌លឿងទុំ និងខ្មៅទៅលើមេឃ ហើយធ្វើឱ្យកម្ទេចកម្ទីរាយប៉ាយពាសពេញផ្លូវអស់ជាងមួយគីឡូម៉ែត្រ។ ទីភ្នាក់ងារព័ត៌មានរដ្ឋ Xinhua បានឱ្យដឹងថា ក្រៅពីមនុស្ស ៥នាក់ស្លាប់ មានមនុស្ស ១៩នាក់រងរបួស និង ៦នាក់ទៀតនៅបន្តបាត់ខ្លួន។
គេហទំព័ររបស់ក្រុមហ៊ុនបានបង្ហាញថា រោងចក្រ Shandong Youdao Chemical នេះត្រូវបានបង្កើតឡើងក្នុងខែសីហា ឆ្នាំ២០១៩ ហើយអភិវឌ្ឍ និងផលិតសមាសធាតុគីមីសម្រាប់ប្រើប្រាស់ក្នុងថ្នាំសម្លាប់សត្វល្អិត និងឱសថ ដែលផ្តល់ការងារដល់មនុស្សជាង ៣០០នាក់ នៅលើផ្ទៃដីជាង ៤៧ហិកតា៕