មន្ត្រីសន្តិសុខជាន់ខ្ពស់នៅទីក្រុងមូស្គូបានស្តីបន្ទោសប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump និងបានលើកឡើងពីគ្រោះថ្នាក់នៃសង្គ្រាមលោកមួយផ្សេងទៀត ដែលកំពុងផ្ទុះឡើងបន្ទាប់ពីលោក Trump បាននិយាយថាមេដឹកនាំរុស្ស៊ីលោក Vladimir Putin កំពុងប្រលែងលេងជាមួយភ្លើង ដោយសារការបដិសេធមិនចូលរួមក្នុងកិច្ចចរចាបទឈប់បាញ់អ៊ុយក្រែនជាមួយទីក្រុង Kyiv ។
លោក Dmitry Medvedev បាននិយាយថា សង្គ្រាមលោកលើកទី ៣ គឺជា "រឿងអាក្រក់" តែមួយគត់ ក្នុងការឆ្លើយតបកាលពីល្ងាចថ្ងៃអង្គារទៅកាន់លោក Trump ដែលមុននោះ បានបង្ហោះសារទៅកាន់លោក Putin នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមដោយនិយាយថា រឿងអាក្រក់ពិតជានឹងកើតឡើងនៅក្នុងប្រទេសរុស្ស៊ី ដោយគ្មានការអន្តរាគមន៍ពីរូបលោក។
លោក Trump បាននិយាយក្នុងការបង្ហោះនៅលើវេទិកាបណ្ដាញសង្គម Truth Social ថា អ្វីដែលលោក Vladimir Putin មិនដឹងនោះគឺថា ប្រសិនបើមិនមែនសម្រាប់លោកទេ រឿងអាក្រក់ជាច្រើននឹងកើតឡើងរួចហើយនៅក្នុងប្រទេសរុស្ស៊ី ហើយលោកចង់បានន័យថាពិតជាអាក្រក់ណាស់។
លោក Medvedev បានឆ្លើយតបនៅលើវេទិកាបណ្ដាញសង្គម X ថា ទាក់ទងនឹងពាក្យសម្ដីរបស់លោក Trump ដែលថាលោកPutinកំពុងប្រលែងលេងជាមួយភ្លើង និងពិតជារឿងអាក្រក់ ដែលកើតឡើងចំពោះប្រទេសរុស្ស៊ីនោះ លោកដឹងតែរឿងអាក្រក់មួយប៉ុណ្ណោះនោះគឺសង្គ្រាមលោកលើកទី៣ ហើយលោកសង្ឃឹមថាលោក Trump យល់ពីរឿងនេះ។
លោក Medvedev ដែលបច្ចុប្បន្ន ជាអនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី និងជាសម្ព័ន្ធមិត្តដ៏សំខាន់របស់លោក Putin បានព្រមានដដែលៗចំពោះសង្រ្គាមអ៊ុយក្រែនថា ទីក្រុងមូស្គូ អាចប្រើអាវុធនុយក្លេអ៊ែរ៕