កងកម្លាំងអ៊ីស្រាអែលកាលពីថ្ងៃអង្គារ បានធ្វើប្រតិបត្តិការទ្រង់ទ្រាយធំមួយទៅលើក្រុមហ៊ុនប្តូរប្រាក់ នៅ តំបន់វេសបែង (West Bank) ជាអ្វីដែលប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែលបានពិពណ៌នាថា ជាផ្នែកនៃយុទ្ធនាការមួយ ដើម្បីរារាំងបណ្តាញហិរញ្ញវត្ថុ ដែលត្រូវបានចោទប្រកាន់ថា មានទំនាក់ទំនងជាមួយក្រុមបក្ខពួក ប៉ាឡេស្ទីន។
យោងតាមប្រភពប៉ាឡេស្ទីនបានឲ្យដឹងថា ការវាយឆ្មក់ទាំងនោះ បានធ្វើឡើង នៅក្នុងទីក្រុងរ៉ាម៉ាឡា (Ramallah), Nablus, Hebron, Tubas, Tulkarm, Jenin, Bethlehem និង Qalqilya ក្នុងអំឡុងពេលដែលកងកម្លាំងអ៊ីស្រាអែលវាយប្រហារលើក្រុមហ៊ុនប្តូរប្រាក់ ចាប់ខ្លួនម្ចាស់ហាងជាច្រើននាក់ និងរឹបអូសបានរាប់លានសេកែល។

ក្រសួងសុខាភិបាលប៉ាឡេស្ទីនដែលមានមូលដ្ឋាននៅទីក្រុង Ramallah បាននិយាយថា នៅទីក្រុង Nablus លោក Mahmoud al-Kharaz អាយុ ៣២ឆ្នាំ បានស្លាប់ បន្ទាប់ពីត្រូវបានបាញ់ចំក ដោយកងកម្លាំងអ៊ីស្រាអែល។
អង្គការសង្គមអឌ្ឍចន្ទក្រហមប៉ាឡេស្ទីន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា មនុស្ស ៩នាក់បានរងរបួស ដោយសារគ្រាប់កាំភ្លើង ហើយ ១៥នាក់ផ្សេងទៀត បានរងការឈឺចាប់ពីការស្រូបឧស្ម័នបង្ហូរទឹកភ្នែក ក្នុងអំឡុងពេលវាយឆ្មក់លើទីក្រុង Nablus។
យោធាអ៊ីស្រាអែល មិនបានចេញការអត្ថាធិប្បាយជាផ្លូវការអំពីការវាយឆ្មក់នោះទេ។ ទោះយ៉ាងណាក៏ដោយ វិទ្យុអ៊ីស្រាអែល Kan បានរាយការណ៍ពីប្រតិបត្តិការរបស់អ៊ីស្រាអែល នៅទូទាំងតំបន់វេសបែង ប្រឆាំងនឹងការផ្តល់ហិរញ្ញប្បទានដល់ «អំពើភេរវកម្ម»។
អ៊ីស្រាអែលបានចោទប្រកាន់ហាងប្តូរប្រាក់ថា បានសម្របសម្រួលការផ្ទេរប្រាក់ទៅឲ្យក្រុមបក្ខពួកប៉ាឡេ ស្ទីន រួមទាំងក្រុមហាម៉ាស ដែលជាការចោទប្រកាន់មួយ ត្រូវបានបដិសេធដោយម្ចាស់អាជីវកម្ម ដែលបានអះអាងថា ពួកគេគោរពតាមបទប្បញ្ញត្តិហិរញ្ញវត្ថុ។
