ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងទេសចរណ៍ បានឲ្យដឹងនៅថ្ងៃទី១៧ខែធ្នូនេះថា ភ្ញៀវទេសចរក្នុងស្រុក នឹងចេញដើរកម្សាន្តកាន់តែកើនឡើងថែមទៀត នៅក្នុងឱកាសថ្ងៃបុណ្យឆ្លងឆ្នាំសកល ២០២១ឈានចូលឆ្នាំ២០២២ ហើយបន្ទប់ស្នាក់នៅជាច្រើននៅតាមបណ្តាសណ្ឋាគារ ផ្ទះសំណាក់ ផ្ទះស្នាក់នានា ត្រូវបានគេកក់ទុកច្រើនជាពិសេសគោលដៅទេសចរណ៍តាមតំបន់ឆ្នេរ ។
ឯកឧត្តម តុប សុភ័ក រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងទេសចរណ៍ បានថ្លែងប្រាប់BTVថា នៅក្នុងអំឡុងខែធ្នូ ដែលជាខែចុងក្រោយនៃឆ្នាំ២០២១នេះ ការចេញដើរកម្សាន្តនៅក្នុងឱកាសថ្ងៃឈប់សម្រាកចុងសប្តាហ៍ គឺមានកំណើនឡើងជាលំដាប់ ជាពិសេសគោលដៅសំខាន់តាមតំបន់ឆ្នេរ តំបន់ភូមិភាគពាយ័ព្យ ឥសាន្ត ខេត្តសៀមរាប និងខេត្តមណ្ឌលគិរីជាដើមនោះ។
ជាមួយគ្នានេះ ការកក់បន្ទប់ស្នាក់ដើម្បីដើរកម្សាន្តនៅកម្សាន្តនៅថ្ងៃឆ្លងឆ្នាំ បើគិតជារួមនៅទូទាំងប្រទេសគឺចាប់ផ្តើមមានភ្ញៀវទៅកក់ខ្លះៗ ដើម្បីស្នាក់នៅដើរកម្សាន្ត តែមិនទាន់មានច្រើននោះទេ។ទោះយ៉ាងណាក៏ដោយ ឯកឧត្តម ក៏បានស្នើរសុំអោយបណ្តាអាជីវកម្មទេសចរណ៍ទាំងអស់ សូមកុំដំឡើងថ្លៃសេវា និងត្រូវចៀសវាងការដំឡើងថ្លៃសេវា លើសពីតំលៃសេវារបស់ខ្លួនដែលបានកំណត់បង្ហាញភ្ញៀវនៅលើ មីនណុយ។
លោក តាំង សុចិត្តគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានថ្លែងថា ចាប់តាំងពីរាជរដ្ឋាភិបាលប្រកាសបើកប្រទេសវិញមក មានសណ្ឋាគារ និងផ្ទះសំណាក់មួយចំនួនប្រមាណជាង ៦០០០បន្ទប់ នៅខេត្តព្រះសីហនុ គឺដែលបានបើកដំណើរការវិញ គឺមានបន្ទប់ស្នាក់ប្រមាណពី ៦០% ទៅ៧០% ត្រូវបានភ្ញៀវកក់ទុក ដោយឡែកសម្រាប់បន្ទប់ស្នាក់នៅនៅតាមកោះនានា គឺត្រូវបានភ្ញៀវកក់ទុកអស់ហើយ ដើម្បីត្រៀមទៅស្នាក់នៅកម្សាន្តនៅថ្ងៃឆ្លងឆ្នាំ ហើយគេមិនមានការដំឡើងថ្លៃសេវានោះទេ។
ចំណែកលោកប្រធានមន្ទីរទេសចរណ៍ខេត្តកែបវិញ ថ្លែងថា នៅខេត្តកែប នៅក្នុងឱកាសថ្ងៃឆ្លងឆ្នាំជិតឈានចូលមកដល់នេះ មានភ្ញៀវជាច្រើនបានទូរសព្ទមកកក់បន្ទប់ស្នាក់ ហើយក៏មានបណ្តាម្ចាស់អាជីវកម្មសណ្ឋាគារ និងផ្ទះសំណាក់មួយចំនួនបានប្រកាសមិនទទួលកក់នោះទេ ប៉ុន្តែទោះយ៉ាងណា នៅក្នុងចំណោមបន្ទប់ស្នាក់លំដាប់ផ្កាយ និងបន្ទប់ស្នាក់ធម្មតា ប្រមាណជាង ១៣០០០បន្ទប់ គឺត្រូវបានភ្ញៀវកក់អស់ប្រមាណ៨០% ហើយនៅសល់ប្រមាណ ១០ទៅ ២០%ទៀត គឺទុកត្រៀមជួលថ្ងៃឆ្លងឆ្នាំតែម្តង៕
អត្ថបទ ស៊ុម សុខជា

