នៅថ្ងៃពុធនេះ នាយករដ្ឋមន្រ្តីថៃលោកស្រី Paetongtarn Shinawatraនឹងស្នើសុំសភានូវថវិកា៣,៧៨សែនកោដិបាត(ស្មើនឹង ១១៥,៥ពាន់លានដុល្លារ) សម្រាប់ឆ្នាំសារពើពន្ធ ២០២៦ ខណៈរដ្ឋាភិបាលរបស់លោកស្រីព្យាយាមគាំទ្រសេដ្ឋកិច្ចធ្លាក់ចុះដែលប្រឈមនឹងពន្ធខ្ពស់របស់សហរដ្ឋអាមេរិក ។
សេចក្តីស្នើច្បាប់ថវិកាដែលនឹងត្រូវជជែកដេញដោលនៅក្នុងសភានារយៈពេល ៤ថ្ងៃក្រោយ ព្យាករពីការកើនឡើងចំនួន ០,៧ភាគរយលើការចំណាយ និងការធ្លាក់ចុះ ០,៧ភាគរយនៅក្នុងឱនភាពថវិកា មកនៅត្រឹម ៨៦០ពាន់លានបាត ឬស្មើនឹង ៤,៣ភាគរយនៃផលិតផលសរុបក្នុងស្រុក(GDP)ពីឆ្នាំសារពើពន្ធ ២០២៥ដែលនឹងបញ្ចប់នៅខែកញ្ញា ។
សេចក្តីស្នើច្បាប់នេះ និយាយថា គោលនយោបាយឱនភាពថវិកាមានបំណងរក្សាស្ថិរភាពសេដ្ឋកិច្ច រួមទាំងការគាំទ្រការងើបសេដ្ឋកិច្ចឡើងវិញ និងលើកកម្ពស់កំណើនសេដ្ឋកិច្ច ក្នុងកម្រិតសមស្រប ។
ផែនការសេដ្ឋកិច្ចនេះ ព្យាករកំណើនសេដ្ឋកិច្ចចំនួន ២,៣ភាគរយ ដល់ ៣,៣ភាគរយសម្រាប់ឆ្នាំ ២០២៥ និងឆ្នាំ ២០២៦ ក្នុងនោះអតិផរណា ព្យាករក្នុងកម្រិត ០,៥ភាគរយដល់ ១,៥ភាគរយ ។
ផែនការនេះដែរ ពុំបានរាប់បញ្ចូលផលប៉ះពាល់ដ៏មានសក្តានុពលពីការដំឡើងពន្ធរបស់សហរដ្ឋអាមរិកនោះឡើយ ។
សូមបញ្ជាក់ថា ថៃប្រឈមនឹងការដំឡើងពន្ធសហរដ្ឋអាមេរិកចំនួន ៣៦ភាគរយ បើសិនជាការកាត់បន្ថយមិនអាចចរចាគ្នាបានទេនោះ មុនពេលការផ្អាក នឹងផុតកំណត់នៅខែកក្កដា ។ សហរដ្ឋអាមេរិកដែលជាទីផ្សារនំាចេញធំបំផុតរបស់ថៃ បានកំណត់ពន្ធមូលដ្ឋាន ១០ភាគរយសម្រាប់ប្រទេសភាគច្រើន ខណៈការផ្អាកនៅចូលជាធរមាន ៕

