ប្រធានទីភ្នាក់ងារជំនួយសម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីនរបស់អង្គការសហប្រជាជាតិ(UNRWA) និយាយនៅថ្ងៃពុធនេះថា គំរូរបស់អ៊ីស្រាអែលសម្រាប់ការផ្តល់ជំនួយដល់តំបន់ហ្កាហ្សា គឺជាការខ្ជះខ្ជាយ ហើយនិងជាការបំបែរចំណាប់អារម្មណ៍ពីអំពើឃោឃៅ ដោយរូបលោកបានរិះគន់ការចែកចាយជំនួយដ៏រ៉ាំរ៉ៃដោយមូលនិធិគាំទ្រដោយសហរដ្ឋអាមេរិក ក្នុងសប្តាហ៍នេះ ។
លោក Philippe Lazzarini គឺជាអគ្គស្នងការរបស់ UNRWA បាននិយាយប្រាប់ក្រុមអ្នកសារព័ត៌មាននៅក្លិបកាសែតជាតិជប៉ុនថា គំរូចែកចាយជំនួយស្នើសុំដោយអ៊ីស្រាអែល មិនស្របតាមគោលការណ៍មនុស្សធម៌ស្នូលនោះទេ ។
លោកបន្តថា កាលពីថ្ងៃម្សិលមិញ ពួកយើងបានមើលឃើញរូបភាពដ៏គួរតក់ស្លុត ពេលដែលមនុស្សស្រេកឃ្លាននាំគ្នារុញរបង ប្រញាយគ្នា ដើម្បីដណ្តើមយកជំនួយ ។ វាគឺជាភាពវឹកវរ មិនថ្លៃថ្នូរ និងគ្មានសុវត្ថិភាព ។
គួរឲ្យដឹងថា កាលពីថ្ងៃអង្គារម្សិលមិញ ជនប៉ាឡេស្ទីនរាប់ពាន់នាក់ បានប្រញាយគ្នាដណ្តើមយកកញ្ចប់ជំនួយនៅទីក្រុងភាគខាងត្បូង Rafah ដែលស្ថិតក្រោមការគ្រប់គ្រងទាំងស្រុងរបស់កងទ័ពអ៊ីស្រាអែល ។
ការចែកចាយជំនួយនៅតំបន់ហ្កាហ្សា បានចាប់ផ្តើមកាលពីថ្ងៃអង្គារ ក្រោមការគ្រប់គ្រងរបស់មូលនិធិមនុស្សធម៌ហ្កាហ្សា ។ គិតត្រឹមរសៀលថ្ងៃអង្គារ មូលនិធិមនុស្សធម៌ហ្កាហ្សា និយាយថា ពួកគេបានចែកចាយជំនួយប្រហែល ៨ពាន់កញ្ចប់ស្មើនឹងអាហារចំនួន ៤៦២.០០០ ក្រោយការបិទច្រករបស់អ៊ីស្រាអែលរយៈពេលជិត ៣ខែលើដែនដីឡើងព័ទ្ធមួយនេះ ។
យោធាអ៊ីស្រាអែល និយាយថា ទីតាំងជំនួយ ៤កន្លែង ត្រូវបានបង្កើតឡើងក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ នៅទូទាំងតំបន់ហ្កាហ្សា ហើយទីតាំង ២កន្លែងនៅទីក្រុង Rafah ចាប់ផ្តើមប្រតិបត្តិការកាលពីថ្ងៃអង្គារ និងត្រូវបានចែកចាយកញ្ចប់ជំនួយដល់ជនប៉ាឡេស្ទីនរាប់ពាន់គ្រួសារ នៅតំបន់ហ្កាហ្សាស្រ្ទីប ៕