នគរបាលបង្រ្កាបកុបកម្មនៅប្រទេសបូលីវី បានប៉ះទង្គិចគ្នាជាមួយអ្នកគាំទ្រអតីតប្រធានាធិបតីប្រទេសបូលីវី លោក Evo Morales អំឡុងការតវ៉ាប្រឆាំងរដ្ឋាភិបាល កាលពីថ្ងៃពុធ (២៨ ឧសភា)។
នគរបាល បានបាញ់គ្រាប់កាំភ្លើងកៅស៊ូ និងឧស្ម័នបង្ហៀរទឹកភ្នែក ទៅលើក្រុមបាតុករដែលបានឆ្លើយតបវិញដោយការគប់ផាវ និងវត្ថុផ្សេងៗដូចជាសំបកកង់ និងដុំថ្ម ត្រឡប់ទៅវិញ។
ក្រុមអ្នកតវ៉ា បានទាមទារឱ្យលោក Morales ត្រូវបានអនុញ្ញាតឱ្យឈរឈ្មោះជាបេក្ខជនប្រធានាធិបតី នៅក្នុងការបោះឆ្នោតនៅខែសីហា ខាងមុខ។
កាលពីដើមខែឧសភា សេចក្តីសម្រេចរបស់តុលាការធម្មនុញ្ញបានដាក់បម្រាមលើបុគ្គលណាម្នាក់ដែលកាន់តំណែងប្រធានាធិបតីលើសពីពីរអាណត្តិ ដោយបានរារាំងលោក Morales ជាអ្នកមានអំណាចនយោបាយរយៈពេលជិត២ ទស្សវត្សរ៍ ពីការឈរឈ្មោះបោះឆ្នោតម្តងទៀត។
លោក Morales ដែលបានគ្រប់គ្រងប្រទេសពីឆ្នាំ២០០៦ ដល់ឆ្នាំ២០១៩ និងជាប្រធានាធិបតីជនជាតិដើមដំបូងរបស់ប្រទេសបូលីវី បានជំទាស់ទៅនឹងបម្រាមលើរូបលោក ដោយក្រុមជាច្រើនដែលគាំទ្រលោក បានរៀបចំការតវ៉ា និងបញ្ឈប់ចរាចរណ៍។