រដ្ឋបាលរបស់លោកប្រធានាធិបតី Donald Trump បានផ្អាកការលក់មួយចំនួនទៅប្រទេសចិន សម្រាប់បច្ចេកវិទ្យាសំខាន់ៗរបស់សហរដ្ឋអាមេរិក ក្នុងនោះរួមទាំងផ្នែកទាក់ទងនឹងម៉ាស៊ីនយន្តហោះ បន្ទះឈីប ហើយនិងសារធាតុគីមី និងគ្រឿងម៉ាស៊ីនជាក់លាក់មួយចំនួន។
ចំណាត់ការនេះ គឺជាការឆ្លើយតបទៅនឹងការរឹតបន្តឹងថ្មីៗនេះរបស់ប្រទេសចិន លើការនាំចេញសារធាតុរ៉ែសំខាន់ៗទៅកាន់សហរដ្ឋអាមេរិក ជាការសម្រេចរបស់ទីក្រុងប៉េកាំងដែលបានគំរាមកំហែងធ្វើឲ្យប៉ះពាល់ដល់ដំណើរការនៃខ្សែច្រវាក់ផ្គត់ផ្គង់របស់ក្រុមហ៊ុនអាមេរិក។ នេះបើយោងតាមបុគ្គល ២រូប ដែលដឹងអំពីបញ្ហានេះ។

ការរឹតបន្តឹងថ្មីនេះ កំពុងជំរុញឲ្យប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេលើពិភពលោកទាំង២ ទៅកាន់តែកៀកនឹងការមានសង្គ្រាមខ្សែច្រវាក់ផ្គត់ផ្គង់ ខណៈដែលទីក្រុងវ៉ាស៊ីនតោន និងប៉េកាំង ព្យាយាមបង្ហាញឥទ្ធិពលរបស់ខ្លួន លើសមាសធាតុសេដ្ឋកិច្ចសំខាន់ៗ ជាការប៉ុនប៉ង ដើម្បីមានប្រៀបនៅក្នុងជម្លោះពាណិជ្ជកម្មដ៏តានតឹង។
ការកើនឡើងនូវការប្រឈមមុខដាក់គ្នា ជុំវិញខ្សែច្រវាក់ផ្គត់ផ្គង់សំខាន់ៗ អាចមានផលប៉ះពាល់យ៉ាងខ្លាំងក្លាដល់ក្រុមហ៊ុនដែលពឹងផ្អែកលើបច្ចេកវិទ្យាបរទេស ក្នុងនោះរួមទាំងក្រុមហ៊ុនផលិតយន្តហោះ មនុស្សយន្ត រថយន្ត និងបន្ទះឈីបផងដែរ។
ហើយលើសពីនោះទៀត វាក៏អាចបង្កជាភាពស្មុគស្មាញផងដែរដល់កិច្ចប្រឹងប្រែង ក្នុងការចរចាបញ្ចប់ជម្លោះពាណិជ្ជកម្ម ជុំវិញគោលនយោបាយពន្ធរបស់រដ្ឋបាលអាមេរិក។ កាលពីថ្ងៃទី១២ ខែឧសភា ក្រុមអ្នកចរចានៃប្រទេសទាំង២ បានព្រមព្រៀងគ្នាកាត់បន្ថយវិធានការដំឡើងពន្ធ ដែលប្រទេសទាំង២ បានដាក់លើគ្នាទៅវិញទៅមក ក្នុងរយៈពេល ៩០ថ្ងៃ ខណៈដែលអ្នកចរចាស្វែងរកដំណោះស្រាយរយៈពេលវែង៕
