ប្រធានាធិបតីស៊ីរីលោក Ahmed al-Sharaa និយាយថា ទីក្រុង Aleppo នឹងក្លាយជាកម្លាំងចលករជំរុញសេដ្ឋកិច្ចដ៏អស្ចារ្យបំផុតមួយ ។
ថ្លែងអំឡុងព្រឹត្តការណ៍ “Aleppo ជាកូនសោរឆ្ពោះទៅរកជ័យជំនះ” លោក Sharaa និយាយថា គ្មានជ័យជំនះណាអស្ចារ្យជាងទីក្រុង Aleppo នោះទេ ហើយក៏គ្មានជ័យជំនះណាស្មើនឹងវានោះដែរ ។
ទីក្រុង Aleppo គឺជាទីក្រុងធំដំបូងគេ រឹបអូសបានដោយក្រុមឧទ្ទាម ពេលដែលពួកគេបើកការវាយប្រហារ ដើម្បីផ្តួលរំលំអតីតមេដឹកនាំស៊ីរីលោក Bashar al-Assad កាលពីចុងខែវិច្ឆិកា ឆ្នាំមុន ។
លោក Assad ត្រូវបានផ្តួលរំលំនៅរយៈពេលតិចជាង ២សប្តាហ៍ក្រោយមក ជាការបញ្ចប់សង្រ្គាមស៊ីវិលរយៈពេល ១៤ឆ្នាំដែលបានសម្លាប់មនុស្សរាប់ម៉ឺននាក់ មនុស្សរាប់លាននាក់ផ្សេងទៀតជម្លៀសខ្លួន និងធ្វើឲ្យស៊ីរីក្លាយជាគំនរបាក់បែក ។
ទីក្រុង Aleppo ដែលជាទីក្រុងធំបំផុតទី ២របស់ស៊ីរី និងជាតំបន់បេតិកភណ្ឌពិភពលោករបស់អង្គការ UNESCO ត្រូវបានបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរដោយសារសង្រ្គាមរយៈពេលជាង ១ទសវត្សរ៍រវាងកងកម្លាំងរដ្ឋាភិបាល និងកងកម្លាំងក្រុមឧទ្ទាម រងគ្រោះដោយសារការប្រយុទ្ធគ្នា ការឡោមព័ទ្ធ ការវាយប្រហារតាមច្រកអាកាសរបស់រុស្ស៊ី និងការទម្លាក់គ្រាប់បែក ៕