ប្រជាពលរដ្ឋ ១១៩គ្រួសារ ដែលត្រូវបានអាជ្ញាធរខេត្តព្រះវិហារជម្លៀសពីព្រំដែន មកកាន់ជំរុំសុវត្ថិភាពនៅភូមិតាកឹង ឃុំថ្មី ស្រុកគូលេន បានវិលត្រឡប់ទៅលំនៅឋានវិញហើយ បន្ទាប់ពីស្ថានការណ៍នៅតំបន់ព្រំដែនវិលមករកស្ថានការណ៍ដើមវិញ។
អាជ្ញាធរស្រុកគូលេនបានឱ្យដឹងថា ប្រជាពលរដ្ឋទាំងនេះមកពីភូមិមរកត និងភូមិសែនតេជះ ឃុំមរកត ស្រុកជាំក្សាន្ត។ ការមកស្នាក់នៅតំបន់សុវត្ថិភាពនេះ អាជ្ញាធរបានគិតគូររៀបចំកន្លែងស្នាក់នៅ អាហារ កម្លាំងរក្សាសន្តិសុខ និងក្រុមគ្រូពេទ្យប្រចាំការ២៤ម៉ោងលើ២៤ម៉ោង ហើយពេលប្រជាពលរដ្ឋវិលត្រឡប់ទៅលំនៅឋានវិញនាព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ រដ្ឋបាលខេត្តព្រះវិហារក៏បានរៀបចំរថយន្តក្រុងដឹកជញ្ជូនផងដែរ។
សូមជម្រាបថា ប្រជាពលរដ្ឋទាំង១១៩គ្រួសារនេះបានភៀសខ្លួនមកស្នាក់នៅតំបន់សុវត្ថិភាពកាលពីរសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ បន្ទាប់ពីមានការប៉ះទង្គិចគ្នារវាងកងទ័ពកម្ពុជា និងថៃ កាលពីព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥៕


















