ប្រធានាធិបតីទួរគីលោក រ៉េសិប តាយីប អឺដូហ្កាន់ (Recep Tayyip Erdogan) បានថ្លែងថា ទីក្រុងអង់ការ៉ា កំពុងធ្វើកការទំនាក់ទំនងឥតឈប់ឈរ ជាមួយទីក្រុងមូស្គូ និងទីក្រុងគីវ ហើយនឹងប្រើប្រាស់សមត្ថភាពការទូតរបស់ខ្លួនទាំងអស់ ដើម្បីដោះស្រាយជម្លោះនេះ។

សារព័ត៌មាន Anadolu បានដកស្តង់សម្តីលោក អឺដូហ្កាន់ ដែលបាននិយាយថា៖«យើងបន្តខិតខំដើម្បីសន្តិភាព ហើយនឹងបន្តកិច្ចកិច្ចខិតខំប្រឹងប្រែងរបស់យើង។ យើងកំពុងទំនាក់ទំនងជាមួយរុស្ស៊ី និងអ៊ុយ ក្រែន។ យើងចាត់ទុកការជំរុញនាបច្ចុប្បន្ននេះ ក្នុងការសន្ទនារវាងភាគីទាំងពីរ ជាឱកាសសម្រាប់សន្តិភាពយូរអង្វែង។ យើងរំលឹកអ្នកគ្រប់គ្នាថា ឱកាសនេះ មិនត្រូវខកខានឡើយ។ សូមកុំបិទឱកាសនេះ។ យើងកំពុងប្រើប្រាស់អំណាចការទូត និងសក្តានុពលសន្តិភាពរបស់យើង។
មេដឹកនាំទួរគីរូបនេះ បានប្រាប់ក្រុមអ្នកយកព័ត៌មានរបស់ខ្លួនថា លោកមាន«ក្តីសង្ឃឹមចំពោះការសម្រេចបាននូវការសម្របសម្រួលដែលចង់បាន ជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងសន្តិភាពនាពេលបច្ចុប្បន្ន»។ លោក អឺដូហ្កាន់ បានបន្ថែមថា៖«ពិភពលោកទាំងមូលបានមើលឃើញថា សង្រ្គាមនេះបានផ្លាស់ប្តូរជាមូលដ្ឋាននូវរចនាសម្ព័ន្ធសន្តិសុខរបស់អឺរ៉ុប ជាពិសេសគោលនយោបាយថាមពលរបស់ខ្លួន។ សហភាពអឺរ៉ុប កំពុងស្វែងរកមធ្យោបាយ ដើម្បីកាត់បន្ថយការពឹងផ្អែកលើរុស្ស៊ីសម្រាប់ថាមពល។ ចំណាត់ការបែបនេះ បង្កើនតម្លៃភូមិសាស្ត្រនយោបាយនៃប្រទេសឆ្លងកាត់សម្រាប់ធនធានថាមពល ដូចជាប្រទេសទួរគីជាដើម»។
