សហរដ្ឋអាមេរិក បានប្រាប់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកាលពីថ្ងៃព្រហស្បតិ៍ថា សំណើរបស់ខ្លួនសម្រាប់បទឈប់បាញ់នៅអ៊ុយក្រែន គឺជា «លទ្ធផលល្អបំផុតរបស់រុស្ស៊ី» ហើយប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន គួរតែទទួលយកកិច្ចព្រមព្រៀងនេះ។
សហរដ្ឋអាមេរិក ចង់ឲ្យរុស្ស៊ីយល់ព្រមលើបទឈប់បាញ់តាមផ្លូវគោក ផ្លូវអាកាស សមុទ្រ និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ រយៈពេល ៣០ថ្ងៃ ដ៏ទូលំទូលាយ។ ជុំទី១នៃកិច្ចចរចាផ្ទាល់រវាងរុស្ស៊ី និងអ៊ុយក្រែនកាលពីថ្ងៃទី ១៦ ឧសភា បានបរាជ័យ ក្នុងការឈានដល់កិច្ចព្រមព្រៀងស្តីពីបទឈប់បាញ់ ដែលទីក្រុងមូស្គូបាននិយាយថា មិនអាចសម្រេចបានមុនពេលលក្ខខណ្ឌជាក់លាក់ ត្រូវបានបំពេញ។

ឯកអគ្គរដ្ឋទូតរងស្តីទីអាមេរិកលោក John Kelley បានប្រាប់ក្រុមប្រឹក្សាសន្តិសុខថា៖«យើងចង់ធ្វើការជាមួយប្រទេសរុស្ស៊ី រួមទាំងគំនិតផ្តួចផ្តើមសន្តិភាពនេះ និងកញ្ចប់សេដ្ឋកិច្ច។ ពុំមានដំណោះស្រាយយោធាណាមួយចំពោះជម្លោះនេះទេ» ។ «កិច្ចព្រមព្រៀងដែលផ្តល់ជូននាពេលនេះ គឺជាលទ្ធផលល្អបំផុតរបស់រុស្ស៊ី។ លោកប្រធានាធិបតី ពូទីន គួរតែទទួលយកកិច្ចព្រមព្រៀងនេះ»។
ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានចាប់ផ្តើមអាណត្តិទី២ របស់ខ្លួន នៅក្នុងខែមករា ដោយប្តេជ្ញាថា នឹងបញ្ចប់សង្រ្គាមរយៈពេល ៣ឆ្នាំរបស់រុស្ស៊ីនៅអ៊ុយក្រែនយ៉ាងឆាប់រហ័ស។ លោក Kelley បាននិយាយថា ជំហានដំបូងរបស់សហរដ្ឋអាមេរិក គឺត្រូវដាក់សំណើឲ្យមានបទឈប់បាញ់ភ្លាមៗ គ្មានលក្ខខណ្ឌ និងគ្រប់ជ្រុងជ្រោយ ដែលត្រូវបានទទួលយកដោយអ៊ុយក្រែន ដោយរង់ចាំកិច្ចព្រមព្រៀងរបស់ រុស្ស៊ី។ លោកបាននិយាយថា៖«ចាប់តាំងពីពេលនោះមក យើងបានជំរុញឲ្យរុស្ស៊ីទទួលយកបទឈប់បាញ់»។
