អ៊ីរ៉ង់ បានព្រមានកាលពីថ្ងៃអាទិត្យ (០១ មិថុនា) ថា ខ្លួននឹងធ្វើការសងសឹក ប្រសិនបើមហាអំណាចអឺរ៉ុប ឆ្លៀតឱកាស "កេងប្រយោជន៍" និងធ្វើនយោបាយ លើរបាយការណ៍របស់អង្គការសហប្រជាជាតិ ដែលបង្ហាញថាទីក្រុងតេអេរ៉ង់ បានបង្កើនការផលិតសារធាតុអ៊ុយរ៉ានីញ៉ូមសម្បូរទៅដោយសារធាតុរ៉ែ និងរៀបរាប់លម្អិតអំពីសកម្មភាពនុយក្លេអ៊ែរសម្ងាត់របស់ខ្លួននាពេលកន្លងមក។

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា លោកបានប្រាប់ប្រធានទីភ្នាក់ងារអាតូមិកអន្តរជាតិ IAEA គឺលោក Rafael Grossi នៅក្នុងការហៅទូរសព្ទមួយថា "អ៊ីរ៉ង់នឹងឆ្លើយតបយ៉ាងម៉ឺងម៉ាត់ទៅនឹងសកម្មភាពមិនសមរម្យណាមួយរបស់ភាគីអឺរ៉ុប" ដោយសំដៅលើចក្រភពអង់គ្លេស បារាំង និងអាល្លឺម៉ង់។

ការលើកឡើងរបស់លោក ត្រូវបានធ្វើឡើងបន្ទាប់ពីអង្គការឃ្លាំមើលនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិមួយនេះ បានចេញរបាយការណ៍សម្ងាត់មួយទៅកាន់ប្រទេសសមាជិក ដែលរៀបរាប់លម្អិតពីសកម្មភាពនុយក្លេអ៊ែរសម្ងាត់របស់អ៊ីរ៉ង់ ជាមួយនឹងគ្រឿងសម្ភារៈដែលមិនបានប្រកាសដល់ទីភ្នាក់ងារ នៅទីតាំងចំនួន៣ ដែលស្ថិតក្រោមការស៊ើបអង្កេតជាយូរមកហើយ។

របាយការណ៍មួយផ្សេងទៀត ដែលចេញដោយទីភ្នាក់ងារនេះ បានរកឃើញថា អ៊ីរ៉ង់បានបង្កើនយ៉ាងខ្លាំងនូវឃ្លាំងផ្ទុកសារធាតុអ៊ុយរ៉ានីញ៉ូមរបស់ខ្លួនរហូតដល់ ៦០% ដែលជិតដល់កម្រិតប្រហែល ៩០% ដែលត្រូវការសម្រាប់អាវុធនុយក្លេអ៊ែរ។ ក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃអាទិត្យ លោក Araghchi បានជំរុញឱ្យលោក Grossi នៅក្នុងជំនួបតាមទូរសព្ទ ឱ្យបញ្ឈប់ "ភាគីនានាពីការកេងប្រយោជន៍" លើរបាយការណ៍ឃ្លាំមើលនុយក្លេអ៊ែរនេះ "ដើម្បីជំរុញគោលបំណងនយោបាយរបស់ពួកគេ"៕