មន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់ម្នាក់បាននិយាយកាលពីថ្ងៃអាទិត្យ ទី១ ខែមិថុនាថា នគរបាលប្រទេសឥណ្ឌា បានចាប់ខ្លួនមនុស្សជាច្រើននាក់ពីបទមានទំនោរ «កាន់ជើង» ប្រទេសប៉ាគីស្ថាន មួយខែបន្ទាប់ពីជម្លោះដ៏អាក្រក់បំផុតរវាងគូប្រជែងទាំងពីរក្នុងរយៈពេលជាច្រើនទស្សវត្សរ៍មកនេះ។

ការចាប់ខ្លួន បានធ្វើឡើងនៅរដ្ឋ Assam ភាគឦសាន ជាកន្លែងដែលរដ្ឋមន្ត្រីប្រចាំរដ្ឋ លោក Himanta Biswa Sarma បាននិយាយថា «អ្នកប្រឆាំងជាតិចំនួន៨១នាក់ បច្ចុប្បន្ននេះស្ថិតក្នុងពន្ធនាគារសម្រាប់ទំនោរកាន់ជើងប្រទេសប៉ាគីស្ថាន។
លោក Sarma មកពីគណបក្សកាន់អំណាចជាតិនិយមហិណ្ឌូរបស់នាយករដ្ឋមន្ត្រី លោក Narendra Modi បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា «ប្រព័ន្ធរបស់យើង កំពុងតាមដានការបង្ហោះប្រឆាំងជាតិនៅលើបណ្តាញផ្សព្វផ្សាយសង្គម និងមានចំណាត់ការជាប់ជានិច្ច»។

នគរបាលរដ្ឋ Assam បានប្រាប់សារព័ត៌មាន AFP ថា មនុស្សម្នាក់ក្នុងចំណោមមនុស្សច្រើននាក់ ត្រូវបានចាប់ខ្លួន បន្ទាប់ពីបុរសរូបនេះបានបង្ហោះទង់ជាតិប៉ាគីស្ថាន នៅលើបណ្តាញ Instagram របស់ខ្លួន។
មានការរឹតត្បិតកាន់តែខ្លាំងឡើងនៅលើបណ្តាញផ្សព្វផ្សាយសង្គម ចាប់តាំងពីការវាយប្រហារកាលពីថ្ងៃទី២២ ខែមេសា ទៅលើភ្ញៀវទេសចរនៅក្នុងតំបន់កាស្មៀរគ្រប់គ្រងដោយប្រទេសឥណ្ឌា ដែលបានសម្លាប់ជនស៊ីវិលច្រើនបំផុតនៅក្នុងដែនដីមានជម្លោះក្នុងរយៈពេលជាច្រើនទសវត្សរ៍មកនេះ។
ទីក្រុងញូវឌេលី បានដាក់កំហុសលើទីក្រុងអ៊ីស្លាម៉ាបាដ ចំពោះការគាំទ្រក្រុមសកម្មប្រយុទ្ធដែលខ្លួនបាននិយាយថា បានអនុវត្តការវាយប្រហារលើភ្ញៀវទេសចរ ដែលការចោទប្រកាន់នេះប្រទេសប៉ាគីស្ថានបានបដិសេធ។