គណៈប្រតិភូនៃគណៈកម្មាធិការរដ្ឋមន្ត្រីអារ៉ាប់-ឥស្លាមកាលពីថ្ងៃអាទិត្យ បានអះអាងជាថ្មីនូវកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ដើម្បីបញ្ឈប់សង្រ្គាមអ៊ីស្រាអែលនៅតំបន់ហ្កាហ្សា និងចាប់ផ្តើមដំណើរការមួយ ដើម្បីធានាសិទ្ធិរបស់ប្រជាជនប៉ាឡេស្ទីន ក្នុងការមានរដ្ឋឯករាជ្យ និងអធិបតេយ្យភាពនៅលើទឹកដីជាតិរបស់ពួកគេ។
គណៈប្រតិភូនេះ បានជួបប្រជុំតាមអនឡាញ ជាមួយប្រធានអាជ្ញាធរប៉ាឡេស្ទីនលោក ម៉ាខ្មូដ អាបាស (Mahmoud Abbas) ក្នុងទីក្រុងអាម៉ាន ខណៈដែលអ៊ីស្រាអែលបានរារាំងដំណើរទស្សនកិច្ចរបស់គណៈប្រតិភូនេះ ទៅកាន់ទីក្រុងរ៉ាម៉ាឡា(Ramallah)។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសហ្ស៊កដានី។
ក្នុងអំឡុងជំនួបនោះ លោក អាបាស បានសរសើរការខិតខំប្រឹងប្រែងរបស់គណៈកម្មាធិការរដ្ឋមន្ត្រីនេះ ក្នុងការប្រមូលផ្តុំការគាំទ្រអន្តរជាតិ ដើម្បីបញ្ឈប់សង្គ្រាមនៅហ្កាហ្សា បញ្ចប់ «មហន្តរាយ» មនុស្សធម៌នៅក្នុងទឹកដីនេះ និងជំរុញការអនុវត្តដំណោះស្រាយរដ្ឋពីរ។
លោកបានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តរបស់រដ្ឋបាលប៉ាឡេស្ទីនចំពោះរបៀបវារៈកំណែទម្រង់របស់ខ្លួន ហើយបានអំពាវនាវឲ្យមានការគាំទ្រផ្នែកនយោបាយ សេដ្ឋកិច្ច និងសន្តិសុខអន្តរជាតិ កាន់តែច្រើនឡើងសម្រាប់កិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន។
នៅក្នុងសន្និសីទសារព័ត៌មានបន្ទាប់ពីកិច្ចប្រជុំ គណៈប្រតិភូ បានលើកឡើងពីដំណោះស្រាយរដ្ឋពីរថា ជាផ្លូវតែមួយគត់ឆ្ពោះទៅរកសន្តិភាពដ៏ត្រឹមត្រូវ និងទូលំទូលាយ នៅក្នុងតំបន់នេះ។
រដ្ឋមន្ត្រីអារ៉ាប់ ក៏បានប្តេជ្ញាថា នឹងបង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីលើកទឹកចិត្តប្រទេសបន្ថែមទៀតឲ្យ ទទួលស្គាល់រដ្ឋប៉ាឡេស្ទីន។