មនុស្សពីរនាក់ត្រូវបានរាយការណ៍ថា បានស្លាប់បាត់បង់ជីវិត និងរាប់រយនាក់ផ្សេងទៀតត្រូវបានឃាត់ខ្លួននៅប្រទេសបារាំង បន្ទាប់ពីក្លិបបាល់ទាត់ Paris Saint Germain ឈ្នះជើងឯក UEFA Champions League ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រក្លិបកាលពីថ្ងៃសៅរ៍ នេះបើតាមសេចក្តីថ្លែងការរបស់ក្រសួងមហាផ្ទៃបារាំង។
នៅទីក្រុង Dax ភាគនិរតីប្រទេសបារាំង យុវជនវ័យទើបតែ ១៧ ឆ្នាំម្នាក់បានស្លាប់បាត់បង់ជីវិតក្រោយត្រូវបានចាក់សម្លាប់នៅល្ងាចថ្ងៃសៅរ៍ ខណៈបុរសវ័យ ២៣ ឆ្នាំម្នាក់ទៀតដែលកំពុងជិះម៉ូតូអាគុយបានស្លាប់បាត់បង់ជីវិតដោយរថយន្តបុក អំឡុងភាពចលាចលកើតឡើងពេលប្រជាជនបារាំងអបអរសាទរ។
ផ្កាភ្លើង កាំជ្រួចត្រូវបានគេបាញ់ដោយគ្មានសណ្តាប់ធ្នាប់ ខណៈកាំជ្រួចធំៗដែលកាន់ដោយអ្នកគាំទ្រ ត្រូវបានដុត បាញ់សំដៅមកសមត្ថកិច្ចរក្សាសណ្តាប់ធ្នាប់ ក្នុងពេលអបអរសាទរដ៏អាក្រក់។
ក្លិបយក្សរបស់បារាំង PSG ក៏បានចេញសេចក្តីថ្លែងការថ្កោលទោសជនដៃដល់ដែលបង្ករភាពចលាចល តែអរគុណអ្នកគាំទ្រ អរគុណប្រជាជនបារាំងផ្សេងទៀតដែលបង្ហាញក្តីស្រលាញ់ និងមោទកភាពសម្រាប់ប្រជាជាតិបារាំងទាំងមូល។
មិនមានការបង្អាក់ដំណើរសម្រាប់ពិធីដង្ហែពាន Champions League នៅទីក្រុងប៉ារីសនៅថ្ងៃអាទិត្យឡើយ ទោះបីមានហេតុការបែបនេះ តែអាជ្ញាធរបានបង្កើនកម្លាំងការពារតឹងរ៉ឹង។
បើតាមសេចក្តីថ្លែងការរបស់ក្រសួងមហាផ្ទៃបារាំងបានបន្ថែមថា មនុស្ស ១៩២ នាក់ផ្សេងទៀតបានរងរបួសប៉ុន្មានម៉ោងមុនពេលពិធីដង្ហែពាន ដែលក្នុងនោះមាន ៥៥៩ នាក់ផ្សេងទៀតត្រូវបានឃាត់ខ្លួននៅថ្ងៃអាទិត្យ ខណៈមន្ត្រីកងកម្លាំងជាងម្ភៃនាក់បានរងរបួសផងដែរ។
សូមបញ្ជាក់ថា Paris Saint Germain បានយកឈ្នះ Inter Milan ៥-០ ដែលជាជ័យជនះធំបំផុតក្នុងប្រវត្តិសាស្ត្រវគ្គផ្តាច់ព្រ័ត្រ Champions League៕
អត្ថបទ៖នាង សុភាវុធ