មន្ត្រីរាជការតាមមូលដ្ឋាន ឃុំ សង្កាត់ ក្រុង ស្រុកនានាដែលមានឥរិយាបថ ទម្លាប់មិនល្អចាំបាច់ត្រូវកែប្រែទម្លាប់ ឥរិយាបថមិនល្អទាំងនោះចេញបន្ទាន់ ក្នុងទិសដៅរួមគ្នាក៏សាងអភិវឌ្ឍន៍ បម្រើពលរដ្ឋឲ្យបានល្អ រីឯកងកម្លាំងទាំងបី ក៏ត្រូវសហការគ្នាល្អ ជាមួយគណៈអភិបាលស្រុក ដើម្បីចូលរួមដោះស្រាយ បញ្ហាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ និងលុបបំបាត់ឱ្យបានជាអតិបរមានូវបទល្មើសគ្រប់ប្រភេទនៅក្នុងមូលដ្ឋាន។
ថ្លែងក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលស្រុកខ្សាច់កណ្ដាលនាព្រឹកម៉ិញនេះ នៅសាលាស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាលបានឲ្យដឹងថា ចំណុចសំខាន់នៃឥរិយាបថ ទម្លាប់មិនល្អរបស់មន្ត្រីរាជការដែលចាំបាច់ត្រូវកែប្រែទម្លាប់ ឥរិយាបថមិនល្អទាំងនោះចេញបន្ទាន់ ក្នុងទិសដៅរួមគ្នាកសាងអភិវឌ្ឍន៍ បម្រើពលរដ្ឋឲ្យបានល្អ។ ត្រូវមានភាពស្មោះត្រង់ជាមួយមន្ត្រីក្រោមឱវាទ និងថ្នាក់លើជាពិសេសជាមួយរាជរដ្ឋាភិបាល បន្ថែមពីនេះអភិបាលស្រុកថ្មីត្រូវស្វែងយល់អំពីច្បាប់នានា ត្រូវរៀនសូត្រពីការងារជាក់ស្ដែងរៀនសូត្រពីចាស់ទុំដើម្បីធ្វើឱ្យការងារទទួលបានជោគជ័យកាន់តែប្រសើឡើង។ និងដើម្បីធ្វើឱ្យស្រុកល្វាឯម មានសណ្តាប់ធ្នាប់សង្គម រក្សាបាននូវសន្តិសុខល្អជូនប្រជាពលរដ្ឋ មានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យជាបន្តបន្ទាប់ទៀត។
ឯកឧត្តមអភិបាលបានលើកទឹកចិត្ត និងជំរុញដល់ក្រុមប្រឹក្សាស្រុក អភិបាលរងស្រុក មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទាំងអស់ ក្នុងស្រុកខ្សាច់កណ្ដាល សូមផ្តល់ការគាំទ្រ និងរួមសហការជាមួយ អភិបាលរងស្រុកថ្មីឱ្យអស់ពីកម្លាំងកាយចិត្ត សំដៅធ្វើឱ្យស្រុកខ្សាច់កណ្ដាលអាចសម្រេចបាននូវសមិទ្ធផលធំៗជាច្រើនបន្ថែមទៀតជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានផងដែរ។ ឯកឧត្តមក៏បានជំរុញ និងលើកទឹកចិត្តដល់អភិបាលស្រុកថ្មី ត្រូវបន្តរឹតបន្តឹងបញ្ហាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ លុបបំបាត់ឱ្យបានជាអតិបរមានូវបទល្មើសគ្រប់ប្រភេទ ជាពិសេសបញ្ហាល្បែងស៊ីសង បទល្មើសនេសាទ និងបញ្ហាគ្រឿងញៀន ក្មេងទំនើង បញ្ហាគ្រោះថ្នាក់ ចរាចរណ៍ និងបន្តការអនុវត្តឱ្យបានម៉ឺងម៉ាត់ នូវគោលនយោបាយភូមិឃុំមាន សុវត្ថិភាពរបស់រាជរដ្ឋាភិបាល។ ត្រូវបន្តពង្រឹងនូវរបបប្រជុំឱ្យបានទៀងទាត់ ជាពិសេសគឺកិច្ចប្រជុំគណៈអភិបាល និងកិច្ចប្រជុំគណៈបញ្ជាការឯកភាព ដើម្បីធ្វើត្រួតពិនិត្យតាមដាន និងធ្វើការដោះស្រាយបញ្ហាទាន់ពេលវេលា។ បន្តពង្រឹងការគ្រប់គ្រង និងការអភិវឌ្ឍន៍សមត្ថភាពមន្ត្រី ដើម្បីឱ្យស្របទៅតាមការវិវត្តនៃសភាពការណ៍ប្រទេសជាតិ និងទំហំការងារ ព្រមទាំងត្រៀមទទួលការផ្ទេរមុខងារពីថ្នាក់ជាតិ។ ជាពិសេសគណៈអភិបាលស្រុកថ្មី ត្រូវរៀបចំសេចក្តីសម្រេចស្តីពីការ បែងចែកតួនាទីភារកិច្ច និងរបៀបរបបធ្វើការការងារជូនគណៈអភិបាលស្រុករបស់ខ្លួន ដើម្បីបំពេញភារកិច្ច បម្រើសេវាសាធារណៈ និងដោះស្រាយបញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ឱ្យប្រសិទ្ធភាពខ្ពស់៕ អត្ថបទ៖ សៅ យ៉ាម៉ង់