ជនភៀសខ្លួនស៊ីរីជិត ២៥០.០០០នាក់ ដែលរស់នៅក្នុងប្រទេសទួរគី បានត្រឡប់ទៅប្រទេសស៊ីរីវិញ ចាប់តាំងពីការដួលរលំនៃរបបលោក បាសា អាល់អាសាដ (Bashar al-Assad) ក្នុងខែធ្នូ ដែលបានបញ្ចប់ជម្លោះស៊ីវិលជាងមួយទសវត្សរ៍ នៅក្នុងប្រទេសនេះ។
រដ្ឋមន្ត្រីមហាផ្ទៃទួរគី Ali Yerlikaya បានប្រកាសកាលពីថ្ងៃអាទិត្យថា ទិន្នន័យពីនាយកដ្ឋានអន្តោប្រវេសន៍ទួរគី បានបង្ហាញពីការថយចុះគួរឲ្យកត់សម្គាល់នៃចំនួនជនជាតិស៊ីរី ដែលមានឋានៈការពារបណ្តោះអាសន្ន ដោយមានប្រជាជនស៊ីរីជិត ២៥០.000នាក់ កំពុងធ្វើដំណើរត្រឡប់ទៅប្រទេសរបស់ពួកគេវិញ។

យោងតាមទីភ្នាក់ងារសារព័ត៌មាន SANAបានឲ្យដឹងថា នៅក្នុងខែឧសភា នាយកដ្ឋាននេះ បានកត់ត្រាជនជាតិស៊ីរីចំនួន ២.៧៣៧.៤២១នាក់ ដែលរស់នៅក្នុងទីប្រទេសទួរគី ធៀបនឹងចំនួន ៣.៧៣៧.៣៦៩នាក់ នៅក្នុងខែឧសភា ឆ្នាំ ២០២១។ សារព័ត៌មាននេះ បានបន្ថែមថា ការដួលរលំនៃរបបលោក អាសាដ ក្នុងខែធ្នូ បានអនុញ្ញាតឲ្យជនភៀសខ្លួនស៊ីរីរាប់ម៉ឺននាក់វិលត្រឡប់ដោយស្ម័គ្រចិត្ត ទៅកាន់ស្រុកកំណើតរបស់ពួកគេវិញ។
សង្គ្រាមស៊ីវិលនៅក្នុងប្រទេសស៊ីរី ដែលបានចាប់ផ្តើមនៅឆ្នាំ ២០១១ បានជម្លៀសប្រជាជនជិត ៨,៥លាននាក់ ដែលស្ទើរតែពាក់កណ្តាលនៃចំនួនប្រជាជនរបស់ប្រទេសនះ។ ភាគច្រើននៃពួកគេ បានរស់នៅក្នុងប្រទេសទួរគី និងជំរំជនភៀសខ្លួន នៅហ្ស៊កដានី និងលីបង់។
