
ភ្នំពេញ៖ អភិបាលរាជធានីភ្នំពេញជំរុញឱ្យកងកម្លាំង និងអាជ្ញាធរខណ្ឌទាំង១៤ ពង្រឹងសន្តិសុខសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្រោយពីរាជរដ្ឋាភិបាល បានប្រកាសដាក់ប្រទេសជាប្រក្រតីភាពឡើងវិញ។
ឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានជំរុញឱ្យកម្លាំងនគរបាល កម្លាំងកងរាជអាវុធហត្ថ និងអាជ្ញាធរខណ្ឌទាំង១៤ ត្រូវពង្រឹងសន្តិសុខសុវត្ថិភាព និងសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋ ក្រោយពីរាជរដ្ឋាភិបាលបានប្រកាសដាក់ប្រទេសទាំងមូលជាប្រក្រតីភាពឡើងវិញ ពិសេសកងកម្លាំង និងអាជ្ញាធរត្រូវរក្សាឱ្យបាននូវសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋនៅក្នុងឱកាសពិធីបុណ្យ christmas និងបុណ្យចូលឆ្នាំសកលដែលនឹងឈានចូលមកដល់នាពេលដ៏ខ្លីខាងមុខនេះ។
ការជំរុញរបស់ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ គឺបានធ្វើឡើងនាល្ងាចថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញតាមរយៈការបញ្ជូនរូបភាព និងសំឡេងផ្ទាល់ ជាមួយកងកម្លាំងទាំងពីរប្រភេទ មន្ទីរពាក់ព័ន្ធ និងអាជ្ញាធរខណ្ឌទាំង១៤ នៅសាលារាជធានីភ្នំពេញ។
ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា ថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន បានប្រកាសរួចហើយ ក្នុងការបិទបញ្ចប់ព្រឹត្តិការណ៍២០កុម្ភៈ និងបានបើកប្រទេសឱ្យដំណើរជាប្រក្រតីភាពឡើងវិញ។ ដូច្នេះរាល់សកម្មភាពនានាវានឹងកើតឡើងវិញ ទាំងបទល្មើសផ្សេងៗ ទាំងល្បែងស៊ីសងគ្រប់ប្រភេទ ទាំងបញ្ហាសណ្ដាប់ធ្នាប់សាធារណៈ។
ដូច្នេះលោកជំរុញឱ្យកម្លាំងមានសមត្ថកិច្ចទាំងពីរប្រភេទ និងអាជ្ញាធរខណ្ឌទាំងអស់ត្រូវពង្រឹងឡើងវិញ ពិសេសបង្ក្រាបឱ្យបាននូវបទល្មើសផ្សេងៗ ដូចជាបទល្មើស លួច ឆក់ ប្លន់ គ្រឿងញៀន និងល្បែងស៊ីសងជាដើម ដើម្បីធានាបាននូវសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ។
ឯកឧត្តម ឃួង ស្រេង បន្តថា ពាក់ព័ន្ធនិងបុណ្យចូលឆ្នាំសកលដែលនឹងឈានចូលមកដល់នាពេលដ៏ខ្លីខាងមុខនេះ អាជ្ញាធរខណ្ឌក៏ដូចជាមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ត្រូវរាយការណ៍ពីគោលដៅកកស្ទះនៅក្នុងមូលដ្ឋានរបស់ខ្លួន បើដោះមិនចេញត្រូវរាយការណ៍មកអាជ្ញាធររាជធានីភ្នំពេញ ដើម្បីដោះស្រាយបញ្ហាកកស្ទះចរាចរណ៍នេះ។ ពិធីបុណ្យចូលឆ្នាំសកលនេះ ប្រជាពលរដ្ឋនឹងសម្រុកចាកចេញពីលំនៅដ្ឋាន ដើម្បីឆ្លងឆ្នាំ ដែលវានឹងធ្វើឱ្យតំបន់ប្រឈមមួយចំនួនមានការកកស្ទះចរាចរ ។ ដូច្នេះក្នុងនាមអាជ្ញាធរ កម្លាំងមានសមត្ថកិច្ច គឺត្រូវសម្រួលចរាចរជូនប្រជាពរដ្ឋ ដើម្បីឱ្យពួកគាត់បានសប្បាយរីករាយនៅក្នុងពិធីបុណ្យឆ្លងឆ្នាំនេះ។
ក្នុងឱកាសកិច្ចប្រជុំនោះដែរ ឧត្តមសេនីយ៍ឯក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ ក៏បានមានប្រសាសន៍បញ្ជាក់ឱហយដឹងដែរថា នៅក្នុងឱកាសបុណ្យចូលឆ្នាំសកលឆ្នាំនេះ សមត្ថកិច្ចរបស់លោកនឹងប្រើប្រាស់កម្លាំងចំនួន ១១៦៥នាក់ ដើម្បីការពារសន្តិសុខសុវត្ថិភាព និងសម្រួលចរាចរជូនប្រជាពលរដ្ឋ ឱ្យទទួលបានភាពសប្បាយក្អាកក្អាយ។ ឆ្លៀតក្នុងឱកាសនោះ ឧត្តមសេនីយ៍ឯក ស ថេត ក៏បានសម្តែងនូវការកោតសរសើរយ៉ាងខ្លាំងផងដែរ ចំពោះឯកឧត្ដម ឃួង ស្រេង ប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ដែលតែងតែយកចិត្តទុកដាក់ក្នុងកិច្ចការពារសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ ដោយលោកតែងតែបានចុះផ្ទាល់លើការត្រួតពិនិត្យកងកម្លាំងដែលត្រូវប្រចាំការនៅតាមគោលដៅនានានៅក្នុងរាជធានីភ្នំពេញ ដែលនេះបង្ហាញឱ្យឃើញពីភាពខ្លាំងនៃការដឹកនាំរបស់ប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ៕ អត្ថបទ ៖ ប្រាក់ វ៉ាន់ដា



