ប្រាក់ដុល្លារបានធ្លាក់ថ្លៃដល់កម្រិតទាបមួយក្នុងរយៈពេលប្រាំមួយសប្តាហ៍នៅថ្ងៃអង្គារទី៣មិថុនាសប្ដាហ៍នេះ ខណៈសញ្ញានៃភាពផុយស្រួយក្នុងសេដ្ឋកិច្ចអាមេរិក បណ្ដាលមកពីការខូចខាតនៃសង្គ្រាមពាណិជ្ជកម្ម ដុតបញ្ឆេះដោយរដ្ឋបាលរបស់លោកប្រធានាធិបតី Donald Trump នៅតែបន្ត។
ស្របពេលទីផ្សារភាគហ៊ុនសកលបានងើបឡើងវិញយ៉ាងទូលំទូលាយ បន្ទាប់ពីមានការគំរាមកំហែងការដំឡើងពន្ធរបស់លោកTrumpម្តងទៀត តម្លៃប្រាក់ដុល្លារនៅតែរឹងមាំ។ ទិន្នន័យរោងចក្រ និងការងារនៅសហរដ្ឋអាមេរិកក្នុងប៉ុន្មានថ្ងៃខាងមុខអាចផ្តល់សញ្ញាបន្ថែមទៀតនៃផលប៉ះពាល់ ដែលថាភាពមិនច្បាស់លាស់នៃពាណិជ្ជកម្មកំពុងធ្វើឱ្យទន់ខ្សោយដល់សេដ្ឋកិច្ចធំបំផុតរបស់ពិភពលោក។
គោលនយោបាយដំឡើងពន្ធរបស់សហរដ្ឋអាមេរិកលើដែកថែប និងអាលុយមីញ៉ូម ដែលនាំចូលត្រូវបានកំណត់កើនឡើងទ្វេដងដល់៥០%ចាប់ផ្តើមពីថ្ងៃពុធសប្ដាហ៍នេះនៅថ្ងៃដដែលដែលរដ្ឋបាល លោកTrump រំពឹងថាប្រទេសនានានឹងដាក់សំណើដ៏ល្អបំផុតរបស់ពួកគេក្នុងការចរចាពាណិជ្ជកម្ម។
លោក Rodrigo Catril អ្នកយុទ្ធសាស្រ្តអត្រាប្ដូរប្រាក់បរទេសជាន់ខ្ពស់នៅធនាគារជាតិអូស្ត្រាលីបាននិយាយថា ភាពតានតឹងពាណិជ្ជកម្មពិតជាមិនមានភាពប្រសើរឡើងទេ ហើយយើងបានមើលឃើញប្រាក់ដុល្លារកំពុងធ្លាក់ចុះយ៉ាងខ្លាំង ។
សន្ទស្សន៍ប្រាក់ដុល្លារដែលវាស់រូបិយប័ណ្ណអាមេរិកធៀបនឹងរូបិយប័ណ្ណសំខាន់ៗចំនួនប្រាំមួយត្រូវបានប្រែប្រួលតិចតួចបន្ទាប់ពីការធ្លាក់ថ្លៃ៩៨,៥៨ ដែលជាកម្រិតទាបបំផុតចាប់តាំងពីចុងខែមេសា នៅពេលដែលប្រាក់ដុល្លារអាមេរិកបានធ្លាក់ចុះដល់កម្រិតមួយក្នុងពេលបីឆ្នាំ៕