អង្គភាពការពារដែនអាកាសរបស់អ៊ុយក្រែន ដែលមានភារកិច្ចការពារជើងមេឃក្នុងតំបន់ Kharkiv ភាគខាងកើត បានបាញ់យានដ្រូនរបស់រុស្ស៊ី ខណៈភាគីជម្លោះទាំងពីរ បានបង្កើនការវាយប្រហារតាមអាកាស។
យោធាម្នាក់នៅក្នុងអង្គភាពនេះបាននិយាយថា លោកនិងសមមិត្តរបស់លោក បានកំណត់គោលដៅទៅលើយានដ្រូនគ្រប់ប្រភេទ និងពេលខ្លះមីស៊ីលស៊ីបគោលដៅនៅក្នុងតំបន់ Kharkiv ជាកន្លែងមានការព្រមានអំពីការវាយឆ្មក់តាមអាកាសជាច្រើនដង ក្នុងមួយថ្ងៃ។
ទាហានម្នាក់បាននិយាយថា អង្គភាពបានប្រើប្រាស់កាំភ្លើងប្រឆាំងយន្តហោះ និងកាំភ្លើងយន្តធុនតូចៗ ដើម្បីបាញ់ទម្លាក់យានដ្រូន Shahed ចំនួនពីរគ្រឿង។ លោក Oleh Sinehubov អភិបាលតំបន់ បាននិយាយកាលពីថ្ងៃចន្ទ ទី០២ ខែមិថុនា នៅលើបណ្តាញតេឡេក្រាមថា កុមារពីរនាក់បានរងរបួសនៅក្នុងការវាយប្រហារដោយយានដ្រូនរបស់រុស្ស៊ី ទៅលើទីក្រុង Kharkiv ។
កងទ័ពអាកាសអ៊ុយក្រែនបាននិយាយថា នៅក្នុងការវាយប្រហារមួយកាលពីពេលថ្មីៗ រុស្ស៊ី បានបង្ហោះយានដ្រូនចំនួន៤៧២គ្រឿងចូលទៅអ៊ុយក្រែន ជាចំនួនសរុបច្រើនបំផុតវាយប្រហារនៅពេលយប់នៃសង្គ្រាមរហូតមកដល់ពេលនេះ។ ជាមួយគ្នានេះ អ៊ុយក្រែនបានវាយប្រហារយន្តហោះទម្លាក់គ្រាប់បែករយៈចម្ងាយឆ្ងាយដែលមានសមត្ថភាពបំពាក់នុយក្លេអ៊ែររបស់រុស្ស៊ីនៅឯមូលដ្ឋានយោធាចូលជ្រៅក្នុងតំបន់ស៊ីបេរី។
នៅទីក្រុង Kharkiv ទាហាននៅក្នុងអង្គភាពការពារដែនអាកាស បានកោតសរសើរការវាយប្រហារនេះ ដោយនិយាយថា ប្រតិបត្តិការបែបនេះបានជំរុញទឹកចិត្តរបស់ពួកគេ។