ក្រុមនិស្សិតនៅសាកលវិទ្យាល័យ Cambridge ក្នុងចក្រភពអង់គ្លេស បានបង្កើតជំរំតវ៉ាកាលពីថ្ងៃចន្ទ (០២ មិថុនា) ដោយទាមទារឱ្យស្ថាប័នអប់រំរបស់ពួកគេ បញ្ចប់ទំនាក់ទំនងវិនិយោគទាំងអស់ជាមួយក្រុមហ៊ុន និងស្ថាប័នអ៊ីស្រាអែល ដែលគាំទ្រ ឬផ្គត់ផ្គង់អាវុធដល់អ៊ីស្រាអែល។
ជាការឆ្លើយតប អាជ្ញាធរមហាវិទ្យាល័យបានដំឡើងរនាំងឈើ និងហ៊ុក្រណាត់ដើម្បីបិទបាំងតំបន់បាតុកម្មនោះមិនឱ្យមើលឃើញ និងទាមទារឱ្យនិស្សិតបញ្ចប់ការតវ៉ា។ បន្ទាប់មក និស្សិតបានរើតង់ទៅកាន់អគារ St. John's College។
ដើម្បីការពារការអប់រំ និងភាពឯកជនរបស់ពួកគេ និស្សិតជាច្រើនបានបិទបាំងមុខមាត់ និងលាក់អត្តសញ្ញាណ។ និស្សិតតវ៉ាម្នាក់បានអះអាងថា សាកលវិទ្យាល័យ Cambridge ដ៏ល្បីល្បាញនេះ មានទឹកប្រាក់រាប់លានផោន ដែលបានវិនិយោគនៅក្នុងក្រុមហ៊ុនអាវុធអ៊ីស្រាអែល Elbit Systems។
កាលពីខែតុលាឆ្នាំមុន និស្សិតនៅសាកលវិទ្យាល័យនានានៅអឺរ៉ុប ដែលត្រូវបំផុសគំនិតដោយការបន្តធ្វើបាតុកម្មគាំទ្រប៉ាឡេស្ទីន នៅតាមបរិវេណសាកលវិទ្យាល័យក្នុងសហរដ្ឋអាមេរិក បានសម្រុកតវ៉ាដោយកាន់កាប់សាល និងទីតាំងនានារបស់សាកលវិទ្យាល័យខ្លួន ទាមទារឱ្យបញ្ចប់ភាពជាដៃគូជាមួយស្ថាប័នអ៊ីស្រាអែល ដោយសារតែសង្គ្រាមដ៏បង្ហូរឈាមរបស់រដ្ឋជ្វីហ្វមួយនេះ នៅលើតំបន់ហ្កាហ្សា៕