ប្រធានាធិបតីអេហ្ស៊ីប លោក អាប់ដែល ហ្វាតា អាល់ស៊ីស៊ី (Abdel-Fattah al-Sisi) កាលពីថ្ងៃចន្ទ បានបញ្ជាក់ពីតម្រូវការ ក្នុងការបង្កើតតំបន់គ្មានអាវុធនុយក្លេអ៊ែរ នៅមជ្ឈិមបូព៌ា។

លោកបានធ្វើការអត្ថាធិប្បាយក្នុងអំឡុងពេលកិច្ចប្រជុំនៅទីក្រុងគែរ ជាមួយអគ្គនាយកទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) លោក Rafael Mariano Grossi ។ ក្នុងជំនួបនោះ លោក Grossi បានសរសើរតួនាទីដ៏ស្វាហាប់ និងជាប្រវត្តិសាស្ត្ររបស់អេហ្ស៊ីប ក្នុងវិស័យរំសាយអាវុធ។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានរួមតាមទូរទស្សន៍ ជាមួយរដ្ឋមន្ត្រីការបរទេសអេហ្ស៊ីប លោក Badr Abdelatty ក្រោយមក លោក Grossi បាននិយាយថា៖«នៅពេលនិយាយអំពីបញ្ហានុយក្លេអ៊ែរ អ្វីៗទាំងអស់ គួរតែមានសន្តិភាព»។
ទន្ទឹមនឹងនេះ លោក Abdelatty បានសម្តែងការគាំទ្រចំពោះការដោះស្រាយដោយសន្តិវិធី និងនយោបាយចំពោះបញ្ហានុយក្លេអ៊ែរអ៊ីរ៉ង់ ដោយបន្ថែមថា ការកើនឡើងភាពតានតឹងផ្នែកយោធា មិនបម្រើដល់ស្ថិរភាពក្នុងតំបន់នោះទេ។
នៅក្នុងសន្និសីទសារព័ត៌មានតាមទូរទស្សន៍មួយផ្សេងទៀតជាមួយសមភាគីអ៊ីរ៉ង់លោក Seyed Abbas Araghchi លោក Abdelatty បាននិយាយថា ភាគីទាំងពីរ បានពិភាក្សាអំពីសន្តិសុខក្នុងតំបន់ និងវិធី ដើម្បីសម្រេចបាននូវស្ថិរភាព ដោយការដោះស្រាយបញ្ហាប៉ាឡេស្ទីន។
លោកបានបន្ថែមថា កិច្ចពិភាក្សាដែលបានពង្រីកនេះ ក៏គ្របដណ្តប់លើបញ្ហានុយក្លេអ៊ែរអ៊ីរ៉ង់ និងបានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់អេហ្ស៊ីប ក្នុងការទប់ស្កាត់ការកើនឡើងភាពតានតឹងក្នុងតំបន់បន្ថែមទៀត។
ចំណែកលោក Araghchi បានសង្កត់ធ្ងន់ថា ទាំងប្រទេសអេហ្ស៊ីប និងអ៊ីរ៉ង់ គឺជាប្រទេសសំខាន់ក្នុងតំបន់ និងដើរតួនាទីដ៏ចាំបាច់ក្នុងការលើកកម្ពស់សន្តិភាព និងស្ថិរភាពក្នុងតំបន់។